សុខភាព ៖ កើតស្រែង គឺជាការឆ្លងមេរោគផ្សិតនៃស្បែក(វាត្រូវបានគេស្គាល់ផងដែរថាជា dermatophytosis, ការឆ្លងមេរោគ dermatophyte ឬ tinea)។ ដំបៅដែលបណ្តាលមកពីការឆ្លងនេះ មានរូបរាងស្រដៀងទៅនឹងដង្កូវ ដែលមានរាងជារង្វង់។ ការឆ្លងមេរោគកើតស្រែងអាចប៉ះពាល់ទាំងមនុស្ស និងសត្វ។ ការឆ្លងដំបូងលេចឡើងជាការផ្លាស់ប្ដូរពណ៌ ដែលជារឿយៗមានស្នាមកន្ទួលលើតំបន់ដែលរងផលប៉ះពាល់។ ជំងឺស្រែងអាចរីករាលដាលពីតំបន់ដែលរងផលប៉ះពាល់ទៅផ្នែកផ្សេងទៀតនៃរាងកាយដូចជា៖ ស្បែកក្បាល, ជើង, ដៃ, ក្រចក, ក្រលៀន ។ល។
ក. រោគសញ្ញា៖ រមាស់, មានស្នាមពណ៌ក្រហមត្នោត ឬប្រផេះ, ដុំមូលឬទ្រវែងនៃស្បែករមាស់, ពងបែក, បំណះដែលស្រដៀងនឹងចិញ្ចៀន, ជ្រុះសក់ ជាដើម។ ជំងឺស្រែងអាចមើលទៅខុសគ្នាអាស្រ័យលើផ្នែកណាមួយនៃរាងកាយដែលត្រូវបានប៉ះពាល់។
ខ. មូលហេតុនៃការកើតស្រែង៖ ផ្សិតប្រហែល ៤០ ប្រភេទអាចបណ្តាលឱ្យកើតស្រែង។ ផ្សិតទាំងនេះអាចឆ្លងដល់មនុស្សតាម ៤ យ៉ាង៖
១៖ ឆ្លងពីមនុស្ស៖ អ្នកអាចឆ្លងមេរោគប្រសិនបើអ្នកទាក់ទងជាមួយអ្នកដែលមានកើតស្រែង ឬប្រសិនបើអ្នកចែករំលែករបស់របរផ្ទាល់ខ្លួន ដូចជាក្រាស់សិតសក់ ឬកន្សែងជាដើម។
២៖ ឆ្លងពីសត្វ៖ អ្នកអាចកើតស្រែងបន្ទាប់ពីប៉ះសត្វដែលរងផលប៉ះពាល់ ឬវត្ថុដែលសត្វបានប៉ះពាល់។
៣៖ ឆ្លងពីវត្ថុប្រើប្រាស់៖ អ្នកអាចឆ្លងមេរោគប្រសិនបើអ្នកប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគផ្សិត។
៤៖ ឆ្លងពីដី៖ មនុស្ស និងសត្វអាចកើត កើតស្រែងបាន បន្ទាប់ពីប៉ះផ្ទាល់ជាមួយដីដែលផ្ទុកផ្សិត។
កត្តាហានិភ័យកើតស្រែង៖ អ្នកអាចប្រឈមនឹងហានិភ័យខ្ពស់ប្រសិនបើអ្នក៖ រស់នៅក្នុងបរិយាកាសក្ដៅ ឬសើម , ចូលរួមក្នុងកីឡាដូចជាចំបាប់ ឬបាល់ទាត់, ប្រើប្រាស់បន្ទប់ទឹកសាធារណៈ, ទាក់ទងយ៉ាងជិតស្និទ្ធជាមួយសត្វ, ពាក់ស្បែកជើងតឹង ឬសម្លៀកបំពាក់ដែលត្រដុសស្បែក, មានជំងឺទឹកនោមផ្អែម, ធាត់ ឬលើសទម្ងន់, ញើសលើសលប់, មានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
គ. ការពារកើតស្រែង៖ ការឆ្លងអាចមកពីការប៉ះពាល់ជាមួយសត្វ និងកង្វះអនាម័យ។ គន្លឹះ ជា ច្រើន ដើម្បី ការពារ ជំងឺ ស្រែង រួម មាន៖ លាងដៃរបស់អ្នកបន្ទាប់ពីមានទំនាក់ទំនងជាមួយសត្វ, សម្លាប់មេរោគ និងសម្អាតកន្លែងរស់នៅរបស់សត្វចិញ្ចឹម, កំណត់ការទំនាក់ទំនងជាមួយមនុស្ស ឬសត្វដែលមានកើតស្រែង ប្រសិនបើអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ, កុំចែករំលែករបស់របរផ្ទាល់ខ្លួនដូចជាសម្លៀកបំពាក់ កន្សែង ឬក្រាស់សិតសក់ជាមួយអ្នកដែលអាចកើតស្រែង, ផ្លាស់ប្ដូរស្រោមជើង និងខោក្នុងរបស់អ្នកយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ, រក្សាឧបករណ៍ និងសម្លៀកបំពាក់របស់អ្នកឱ្យស្អាត, ប្រសិនបើអ្នកលេងកីឡា រក្សាស្បែករបស់អ្នកឱ្យស្អាត និងស្ងួត។
ឃ. ឱសថបុរាណនៅផ្ទះព្យាបាលស្រែង៖ មនុស្សបានប្រើឱសថផ្ទះសម្រាប់កើតស្រែងអស់ជាច្រើនឆ្នាំ មុនពេលអ្នកស្រាវជ្រាវបានបង្កើតការព្យាបាលប្រឆាំងនឹងផ្សិត។ ការព្យាបាលទាំងនេះរួមមាន៖
*ទឹកខ្មះផ្លែប៉ោម៖ អ្នកខ្លះយកដុំសំឡីដែលត្រាំក្នុងទឹកខ្មេះប៉ោម លាបលើតំបន់ដែលរងផលប៉ះពាល់នៃស្បែកបីដងក្នុងមួយថ្ងៃដើម្បីព្យាបាលកើតស្រែង។
*ប្រេងដូង៖ លាបប្រេងដូងលើស្បែក ដើម្បីកាត់បន្ថយការកើតស្រែង។ លាបប្រេងដូងមួយទៅបីដងក្នុងមួយថ្ងៃ។
*រមៀត៖ អ្នកអាចលាយរមៀត ដែលជាគ្រឿងទេសទូទៅជាមួយនឹងទឹក ដើម្បីធ្វើជាថ្នាំកម្ចាត់មេរោគ។ លាបលើស្បែករបស់អ្នក ហើយទុកឱ្យវាស្ងួត។
ឱសថបុរាណតាមផ្ទះមិនគួរប្រើជំនួសការព្យាបាលប្រឆាំងនឹងផ្សិតដែលគេស្គាល់នោះទេ វាគួរជាការជំនួយការព្យាបាលប៉ុណ្ណោះ។ ជំនួសមកវិញ សូមពិភាក្សាជាមួយ ជាមួយគ្រូពេទ្យជំនាញ៕ source: healthline