អ៊ុយក្រែន អំពាវនាវឱ្យពិភពលោក បង្ហាញជំហរជាក់លាក់លើបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ ក្រោយរងការវាយប្រហារជាបន្តបន្ទាប់

គៀវ ៖ អ៊ុយក្រែនបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី និងបានលើកឡើងពីផលវិបាកនៃមហន្តរាយនៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប បន្ទាប់ពីវារងការបាញ់ផ្លោងជាថ្មីម្ដងទៀត។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃច័ន្ទទី ១៥ ខែសីហា ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថ្មីលើវិស័យនុយក្លេអ៊ែររបស់រុស្ស៊ីថា៖ «ប្រសិនបើពេលនេះពិភពលោកមិនបង្ហាញភាពរឹងមាំ និងការសម្រេចចិត្តដើម្បីការពារស្ថានីយថាមពលនុយក្លេអ៊ែរ Zaporizhzhia នេះទេ មានន័យថាពិភពលោកនឹងចាញ់សង្គ្រាមនេះ។ ពិភពលោក នឹង បរាជ័យចំពោះការលុបបំបាត់ អំពើ ភេរវកម្ម និង ការ គំរាមកំហែង នុយក្លេអ៊ែរ»។

ដោយឡែក លោក វ្ល៉ាឌីមៀ រ៉ូហ្កូវ (Vladimir Rogov) មន្ត្រីតែងតាំងដោយរុស្ស៊ី នៅទីក្រុងអេនឺហូដា បានអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារដោយកាំភ្លើងធំធុនធ្ងន់  ផលិតដោយសហរដ្ឋអាមេរិកចំនួន ២៥គ្រឿងនៅជិតទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia និងតំបន់លំនៅដ្ឋានក្នុងរយៈពេលពីរម៉ោង។

យ៉ាងណាមិញ យោងតាមប្រធានរដ្ឋបាលនៃស្រុកនីកូផូល (Nikopol) ការបាញ់ប្រហារនោះត្រូវបានធ្វើឡើងដោយកងកម្លាំងរុស្ស៊ី ដើម្បីបង្ខូចឈ្មោះរបស់កងទាហានអ៊ុយក្រែន។ ទោះជាយ៉ាងនេះក្ដី ភាគីទាំងសងខាងមិនទាន់មានភស្តុតាងណាមួយដែលគាំទ្រការអះអាងរបស់ខ្លួនឡើយ។

គួរបញ្ជាក់ថា បញ្ហារោងចក្រថាមពលធំបំផុតរបស់ទ្វីបអឺរ៉ុបមួយនេះគឺចំណុចរសើបមួយនៃសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីនាពេលបច្ចុប្បន្ន។ ដំណើរទស្សនកិច្ចទៅកាន់រោងចក្រត្រូវបានស្នើឡើងដោយភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហើយថ្មីៗនេះអង្គការសហប្រជាជាតិ (UN) បានប្រកាសថា ខ្លួនមានសមត្ថភាពដឹកជញ្ជូននិងផ្តល់សេវាសន្តិសុខ ដើម្បីគាំទ្រដល់ដំណើរទស្សនកិច្ចរបស់ភ្នាក់ងារថាមពលអាតូមិកអរន្តជាតិ (IAEA) ទៅកាន់រោងចក្រថាមពលរបស់អ៊ុយក្រែន។

ប៉ុន្តែមន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ីបានដាក់លក្ខខណ្ឌដោយលើកទ្បើងថាការបញ្ចូនបេសកកម្មណាមួយឆ្លងកាត់រដ្ឋធានីអ៊ុយក្រែនអាចនឹងមានគ្រោះថ្នាក់ខ្លាំងបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *