អាហារ ១៥ប្រភេទនេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំលោកអ្នក

សុខភាព ៖ ប្រព័ន្ធភាពស៊ាំជាយោធានៃរាងកាយរបស់អ្នក ការពារប្រឆាំងនឹងជំងឺ ការឆ្លងមេរោគ និងជួយអ្នកឱ្យជាសះស្បើយឡើងវិញពីជំងឺនិងរបួស។ ថ្ងៃនេះយើងសូមបង្ហាញជូនលោកអ្នកនូវអាហារ ១៥ ប្រភេទដ៏មានឥទ្ធិពលក្នុងការជំរុញប្រព័ន្ធភាពស៊ាំឱ្យធ្វើការបានល្អ។

១. ប្រភេទក្រូច៖ មនុស្សភាគច្រើនងាកទៅរកវីតាមីន C ភ្លាមៗ បន្ទាប់ពីពួកគេកើតជំងឺផ្តាសាយ។ នោះក៏ព្រោះតែវាជួយបង្កើតប្រព័ន្ធភាពស៊ាំ។ ប្រភេទក្រូចស្ទើរតែទាំងអស់សុទ្ធតែមានវីតាមីន C ខ្ពស់ ដូចជា៖ ក្រូចថ្លុង, ក្រូចឃ្វិច, ក្រូចឆ្មារ។ ដោយសារតែរាងកាយរបស់អ្នកមិនផលិត ឬរក្សាទុកវីតាមីន C ទេ អ្នកត្រូវការវាប្រចាំថ្ងៃដើម្បីសុខភាព។ បរិមាណដែលបានណែនាំប្រចាំថ្ងៃ សម្រាប់មនុស្សពេញវ័យភាគច្រើនគឺ៖ ៧៥ មីលីក្រាមសម្រាប់ស្ត្រី, ៩០ មីលីក្រាមសម្រាប់បុរស។

២. ម្ទេសប្លោក៖ ម្ទេសប្លោកមានផ្ទុកវីតាមីន C ៣ ដងច្រើនជាងផ្លែក្រូច។ វាក៏ជាប្រភពដ៏សម្បូរបែបនៃ beta carotene ផងដែរដែលរាងកាយរបស់អ្នកបំប្លែងទៅជាវីតាមីន A ជួយថែរក្សាភ្នែក និងស្បែករបស់អ្នកឱ្យមានសុខភាពល្អ។

៣. ផ្កាខាត់ណាខៀវ៖ ប្រូខូលីសម្បូរទៅដោយវីតាមីន(វីតាមីន A, C, និង E) និងសារធាតុរ៉ែ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។ គន្លឹះក្នុងការរក្សាថាមពលរបស់វាឱ្យនៅដដែលគឺត្រូវចំអិនវាឱ្យតិចបំផុតតាមដែលអាចធ្វើទៅបាន។ ការចំហុយគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរក្សាសារធាតុចិញ្ចឹមរបស់វា។

៤. ខ្ទឹមស៖ ខ្ទឹម សប្រយុទ្ធប្រឆាំងនឹងការឆ្លង ពន្យឺតការឡើងរឹងនៃសរសៃឈាម ហើយជួយកាត់បន្ថយសម្ពាធឈាម។ លក្ខណៈសម្បត្តិបង្កើនភាពស៊ាំរបស់ខ្ទឹមស បានមកពីកំហាប់ដ៏ច្រើននៃសមាសធាតុដែលមានផ្ទុកស្ពាន់ធ័រ ដូចជាអាលីស៊ីន។

៥. ខ្ញី៖ ខ្ញីជាសារធាតុផ្សំមួយផ្សេងទៀត ដែលមនុស្សជាច្រើនងាកមករក ក្រោយពេលឈឺ។ ខ្ញី អាចជួយកាត់បន្ថយការឈឺបំពង់ក និងជំងឺរលាក។ ខ្ញីក៏អាចជួយដល់ការចង់ក្អួតផងដែរ។ ខ្ញីក៏អាចកាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ បញ្ចុះកូឡេស្តេរ៉ុលផងដែរ។

៦. ស្ពៃខ្មៅ៖ ស្ពៃខ្មៅមិនត្រឹមតែសម្បូរទៅដោយវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន និងបេតាការ៉ូទីន ដែលអាចបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគនៃប្រព័ន្ធភាពស៊ាំរបស់យើង។ ស្រដៀងទៅនឹងផ្កាខាត់ណាខៀវ ស្ពៃខ្មៅរក្សាសារធាតុចិញ្ចឹមរបស់វាបានល្អ នៅពេលដែលវាត្រូវបានចម្អិនតិចបំផុតតាមដែលអាចធ្វើបាន។

៧. ទឹកដោះគោជូរ៖ ទឹកដោះគោជូរជាប្រភពវីតាមីន D ដ៏អស្ចារ្យ អាចជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺ។ ពយ៉ាងណាមិញ សូមព្យាយាមស្វែងរកទឹកដោះគោជូរធម្មតា ជាជាងប្រភេទដែលបន្ថែមរសជាតិ និងផ្ទុកដោយជាតិស្ករ។

៨. អាល់ម៉ុន៖ អាល់ម៉ុនសម្បូរទៅដោយវីតាមីន ខ្លាញ់ដែលមានសុខភាពល្អ និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ មនុស្សពេញវ័យត្រូវការតែប្រហែល ១៥ មីលីក្រាម នៃវីតាមីន E ក្នុងមួយថ្ងៃ។ ការទទួលទានអាល់ម៉ុនកន្លះពែង ដែលមានទំហំប្រហែល ៤៦ គ្រាប់អាល់ម៉ុន ផ្តល់នូវ ១០០ភាគរយនៃបរិមាណប្រចាំថ្ងៃដែលបានណែនាំ។

៩. គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយសារធាតុចិញ្ចឹម រួមមាន ផូស្វ័រ ម៉ាញេស្យូម និងវីតាមីន B-6 និង E (វីតាមីន E មានសារៈសំខាន់ក្នុងការគ្រប់គ្រង និងរក្សាមុខងារប្រព័ន្ធភាពស៊ាំ)។ គ្រាប់ផ្កាឈូករ័ត្នក៏មានសារជាតិសេលេញ៉ូមខ្ពស់មិនគួរឱ្យជឿផងដែរ។

១០. រមៀត៖ រមៀត ជាថ្នាំប្រឆាំងនឹងការរលាកក្នុងការព្យាបាលទាំងជំងឺរលាកសន្លាក់ឆ្អឹង និងបង្កើនភាពស៊ាំ។ កំហាប់ខ្ពស់នៃសារធាតុ Curcumin ក្នុងរមៀតអាចជួយបន្ថយការខូចខាតសាច់ដុំដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ។

១១. តែបៃតង៖ តែបៃតងសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (សារធាតុ flavonoids, epigallocatechin gallate) ដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ តែបៃតងក៏ជាប្រភពដ៏ល្អនៃអាស៊ីតអាមីណូ L-theanine ផងដែរ ដែលអាចជួយក្នុងការផលិតសមាសធាតុប្រឆាំងមេរោគនៅក្នុងកោសិកា T របស់អ្នក។

១២. ផ្លែ ល្ហុង៖ ផ្លែល្ហុងផ្ទុកទៅដោយវីតាមីន C។ ផ្លែល្ហុងក៏មានអង់ស៊ីមរំលាយអាហារ ( papain) ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក។ បន្ថែមពីនេះ ផ្លែល្ហុងមានបរិមាណប៉ូតាស្យូម ម៉ាញ៉េស្យូម និងហ្វូឡាតសមរម្យ ដែលសុទ្ធតែមានអត្ថប្រយោជន៍ចំពោះសុខភាពទូទៅរបស់អ្នក។

១៣. ផ្លែគី វី៖ ផ្លែគីវីសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនពីធម្មជាតិ រួមមាន ហ្វូឡាត ប៉ូតាស្យូម វីតាមីន K និងវីតាមីន C។ វីតាមីន C បង្កើនកោសិកាឈាមស ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ខណៈពេលដែលសារធាតុចិញ្ចឹមផ្សេងទៀតរបស់ផ្លែគីវីជួយឱ្យរាងកាយរបស់អ្នកដំណើរការបានត្រឹមត្រូវ។

១៤. បសុបក្សី៖ បសុបក្សី ដូចជាសាច់មាន់ និងសាច់ទួរគី មានវីតាមីន B-6 ខ្ពស់ ដែលជាតួអង្គសំខាន់ក្នុងប្រតិកម្មគីមីជាច្រើនដែលកើតឡើងក្នុងរាងកាយ។ វាក៏មានសារៈសំខាន់ផងដែរចំពោះការបង្កើតកោសិកាឈាមក្រហមថ្មី និងមានសុខភាពល្អផងដែរ។ នៅពេលអ្នកឈឺផ្តាសាយ ស៊ុបមាន់អាចជួយបន្ថយការរលាក ដែលអាចធ្វើអោយរោគសញ្ញានៃជំងឺផ្តាសាយប្រសើរឡើង។

១៥. សត្វសមុទ្រប្រភេទសំបក៖ សត្វសមុទ្រប្រភេទសំបក ដូចជា អយស្ទ័រ ក្តាម បង្កង ជាដើម មានជាតិស័ង្កសីខ្ពស់ ដែលរាងកាយរបស់យើងត្រូវការវា ដើម្បីកោសិកាភាពស៊ាំរបស់យើងអាចដំណើរការបានល្អ។ យ៉ាងណាមិញ ស័ង្កសីច្រើនពេកពិតជាអាចរារាំងមុខងារប្រព័ន្ធភាពស៊ាំ។ បរិមាណដែលត្រូវបានណែនាំគឺ ជាតិស័ង្កសី១១ មីលីក្រាមសម្រាប់បុរសពេញវ័យ ៨ មីលីក្រាមសម្រាប់ស្ត្រីពេញវ័យភាគច្រើន។

ចូរចងចាំថា ការទទួលទានអាហារតែមួយមុខនឹងមិនគ្រប់គ្រាន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនផ្តាសាយ ឬការឆ្លងមេរោគផ្សេងៗនោះទេ ទោះបីជាអ្នកញ៉ាំវាជាប់ជាប្រចាំក៏ដោយ។ អាហារចម្រុះទើបជាគន្លឹះនៃអាហាររូបត្ថម្ភត្រឹមត្រូវ៕ source: healthline

Leave a Reply

Your email address will not be published. Required fields are marked *