មន្រ្តីខេត្តស្ទឹងត្រែង ចុះបង្ក្រាបបទល្មើសជួញដូរសត្វព្រៃ បាន១៨គីឡូ

ស្ទឹងត្រែង ៖ មន្រ្តីក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចុះបង្ក្រាបបទល្មើសជួញដូរសាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ។

ជាលទ្ធផល ក្រុមការងារបង្ក្រាបបានសរុបសាច់សត្វចំនួន១៨គក រួមមាន៖ សាច់ជ្រូកព្រៃចំនួន១១គីឡូ, សាច់ឈ្លូស ចំនួន០៥គីឡូ, សាច់ប្រម៉ាចំនួន០២គីឡូ, សត្វអាញី (ងាប់)ចំនួន០១ក្បាល និងសម្ភារលក់ដូរមួយចំនួនទៀត។ ក្រោយការបង្ក្រាប ក្រុមការងារបានយកទៅដុតបំផ្លាញចោល ចំណែកឯម្ចាស់សាច់សត្វព្រៃទាំងនោះ បានរត់គេចខ្លួនអស់ បន្សុលទុកតែវត្ថុតាងនៅកន្លែងកើតហេតុប៉ុណ្ណោះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ក្នុងយុទ្ធនាការអន្ទាក់សូន្យ លោក សេង ទៀក នាយកអង្គការ WWF បានលើកឡើងថា ការពង្រឹងការអនុវត្តច្បាប់ដ៏តឹងរឹង គឺជាការចាំបាច់បំផុត ដើម្បីបញ្ឈប់តម្រូវការសាច់សត្វព្រៃ និងបិទចោលនូវរាល់ទីផ្សារលក់ដូរសត្វព្រៃគ្រប់ប្រភេទ។ លោក បន្តថា មធ្យោបាយសំខាន់ក្នុងការដោះស្រាយបញ្ហាឫសគល់នៃការបរបាញ់ និងការជួញដូរសត្វព្រៃ គឺទាមទារឱ្យពលរដ្ឋរស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ អាចចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សសត្វព្រៃ និងដំណោះស្រាយផ្អែកលើមូលដ្ឋានធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *