ក្រសួងមហាផ្ទៃ កំពុងបង្កើនមន្រ្តីក្របខណ្ឌទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់មូលដ្ឋាន

កំពង់ចាម ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា ក្រសួងបាននឹងកំពុងបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានឱ្យមានភាពល្អប្រសើរ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ការបង្កើនចំនួនមន្ត្រីនគរបាលទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ គឺស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។

ទន្ទឹមនឹងនោះ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។ ដើម្បីឱ្យនគរបាលមានការយល់ដឹងវិជ្ជាជីវៈ គុណវុឌ្ឍិ គុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែង វគ្គមូលដ្ឋាននាពេលនេះ មានរយៈពេល៤ខែ៕

Leave a Reply

Your email address will not be published. Required fields are marked *