ក្រសួងធនធានទឹក ជូនដំណឹងពីការនឹងហក់ឡើងទឹកទន្លេមេគង្គ ក្នុងរយៈពេលពី៤ ទៅ៥ថ្ងៃទៀត ជាពិសេសខេត្តនៅតំបន់ខ្ពង់រាប

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្តីជូនដំណឹងថា យោងលើស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធ ដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) បណ្តាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។

តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

*ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្តាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៨,៥០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៩,០០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១២,០០ម៉ែត្រ។ ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លេ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។

*ទឹកទន្លេនៅតំបន់ភាគឦសាន៖ រួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ទឹកទន្លេកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់៕

Leave a Reply

Your email address will not be published. Required fields are marked *