អាហារ៥ប្រភេទដ៏គ្រោះថ្នាក់បំផុត ក្នុងពិភពលោក

សុខភាព ៖ ការគ្រប់គ្រង និងរៀបចំម្ហូបអាហារប្រកបដោយសុវត្ថិភាពគឺមានសារសំខាន់ណាស់ក្នុងការធានាសុវត្ថិភាពចំណីអាហារ។ រាល់ប្រភេទអាហារដែលមានមេរោគអាចគំរាមកំហែងដល់អាយុជីវិតយើងបានគ្រប់ពេលវេលា។ ក្នុងវិស័យម្ហូបអាហារ មានអាហារមួយចំនួនត្រូវបានអនុញ្ញាតឱ្យបរិភោគ ប៉ុន្តែអាហារទាំងនោះ ក៏អាចសម្លាប់យើងបានគ្រប់ពេលវេលាផងដែរ។ អាហារទាំងនោះមានដូចជា៖

ក្រពត គឺជាឈ្មោះសត្វទឹកមួយប្រភេទ សន្តាននឹងត្រី មានធ្មេញតែពីរ លើមួយ ក្រោមមួយ មុតដូចកាំបិតកោរ, ជាសត្វសាហាវ អាចច្រឹបសាច់មនុស្សបាន, មានស្បែកគ្រាតៗដូចស្បែកបបែល ឬ ពោះប្រមោយដំរី, កាលណាតែចាប់ខ្លួនវា វាបំប៉ោងពោះប៉ោងដូចជាសត្វហ៊ីង ដែលមានជាតិពុលយ៉ាងធ្ងន់ធ្ងរ។ ការសិក្សាបានរកឃើញថា អូវែ ពោះវៀន និងថ្លើមរបស់វាមានផ្ទុកសារធាតុម្យ៉ាងឈ្មោះ tetrodotoxin ជាជាតិពុលដ៏សាហាវ ដែលត្រីក្រពតមួយក្បាលមានជាតិពុលគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្ស 30 នាក់។ នៅប្រទេសជប៉ុនឯណោះ មេចុងភៅជនជាតិជប៉ុនត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជាច្រើនឆ្នាំដើម្បីទទួលបានអាជ្ញាបណ្ណរៀបចំចម្អិនត្រីប្រភេទនេះ។ ទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏មនុស្សជាច្រើនបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការរៀបចំមិនត្រឹមត្រូវ។

២. ផ្លែឈើ Ackee

Ackee ជាផ្លែឈើជាតិរបស់ប្រទេសហ្សាម៉ាអ៊ីក ដែលប្រើជាឱសថនិងក៏មានរសជាតិឆ្ងាញ់ផងដែរ  ប៉ុន្តែមានគ្រោះថ្នាក់ខ្ពស់។ ផ្លែឈើ Ackee មានផ្ទុកសារធាតុពុលហៅថា hypoglycin ដែលអាចញ៉ាំបានតែពេលវាទុំប្រះដោយខ្លួនឯង ហើយញ៉ាំបានតែសាច់ពណ៌ក្រែម និងសាច់ជុំវិញគ្រាប់ប៉ុណ្ណោះ។ ដោយឡែក សាច់ពណ៌ផ្កាឈូក ឬគ្រាប់ខ្មៅ ហាមផ្ដាច់មិនឱ្យបរិភោគឡើយ ព្រោះវាមានជាតិពុលខ្លាំង។

៣. មុខម្ហូប Hákarl

Hákarl ជាម្ហូបបែបប្រពៃណីរបស់អ៊ីស្លង់ ដែលច្នៃចេញពីសាច់ឆ្លាមហ្គ្រីនឡែន ដែលត្រូវបានគេរៀបចំនិងព្យួរឱ្យស្ងួតក្នុងរយៈពេលពី ៣ ទៅ ៥ ខែ។ ដំណើរការនេះគឺចាំបាច់ដើម្បីបន្សាបកម្រិតខ្ពស់នៃជាតិពុលនៅក្នុងសាច់របស់ត្រីឆ្លាម។ ត្រីឆ្លាម ហ្គ្រីនឡែន មិនមានផ្លូវបង្ហូរទឹកនោមទេ ដូច្នេះកាកសំណល់ និងជាតិពុលត្រូវបានច្រោះតាមស្បែក និងសាច់របស់វា។ សម្រាប់ត្រីឆ្លាម សមាសធាតុផ្សំនេះដើរតួជាសារធាតុប្រឆាំងការកកធម្មជាតិ ដែលការពារវាពីទឹកអាកទិកដ៏ត្រជាក់ ប៉ុន្តែសារធាតុគីមីប្រមូលផ្តុំខ្លាំង ដែលគ្រាន់តែខាំសាច់ស្រស់ដែលមិនទាន់បានព្យាបាលពីរបីខាំ គឺគ្រប់គ្រាន់ដើម្បីបង្កឱ្យមានរោគសញ្ញានៃការស្រវឹងខ្លាំងចំពោះមនុស្ស ការឈឺចាប់ក្នុងពោះវៀន ឥទ្ធិពលសរសៃប្រសាទ ការប្រកាច់ និងអាចស្លាប់ ប្រសិនបើទទួលទានក្នុងបរិមាណច្រើន។

៤. ដំឡូងមី

ដំឡូងមី ជាដំណាំយកមើម ដែលនិយមដាំដុះទាំងនៅកម្ពុជានិងតាមបណ្ដាប្រទេសលើលោក។ មើមរបស់វាក្រៅពីយកទៅចម្រាញ់ជាម្សៅសម្រាប់ឧស្សាកម្មចំណីអាហារទ្រង់ទ្រាយធំហើយនោះ យើងក៏អាចយកវាទៅស្ងោរ ស្ល ធ្វើបង្អែម។ល។ ប៉ុន្តែ វាក៏មានផ្ទុកជាតិពុលបណ្ដាលឱ្យស្លាប់បាន។ ដើម្បីទប់ស្កាត់ការពុលដំឡូងមី យើងត្រូវចម្អិនឱ្យបានល្អមុនពេលបរិភោគ។

៥. សណ្តែកក្រហម

សណ្តែកក្រហមសម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែសំខាន់ៗ។ ប៉ុន្តែក្នុងទម្រង់ឆៅ ឬមិនទាន់ចម្អិន ពួកវាក៏សម្បូរទៅដោយសារធាតុ phytohaemagglutinin ដែលជាប្រភេទពុលនៃសារធាតុពុលដ៏គ្រោះថ្នាក់បំផុត។ សារធាតុពុលនេះ អាចបំផ្លាញជញ្ជាំងពោះវៀន ហើយអាចការពារវាពីការស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ។ រោគសញ្ញានៃការពុលអាចរួមមាន រាក ឈឺពោះ ក្អួត និងឈឺក្បាល៕

Leave a Reply

Your email address will not be published. Required fields are marked *