អ្នកជំងឺកូវីដ១៩ ចំនួន៥% បាត់បង់សមត្ថភាពក្នុងការស្រង់ក្លិន និងរសជាតិរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ

ចំណេះដឹង ៖ ការសិក្សាដ៏ធំមួយបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី២៨ កក្កដានេះថា ប្រហែល ៥ ភាគរយនៃមនុស្សដែលមានជំងឺកូវីដ-១៩ កំពុងជួបប្រទះនឹងបញ្ហាស្រង់ក្លិនឬរសជាតិក្នុងរយៈពេលយូរ។ បញ្ហានេះ អាចនឹងចូលរួមចំណែកក្នុងពន្យា រការជាសះស្បើយពីជំងឺកូវីដ-១៩។

ការបាត់បង់សមត្ថភាពក្នុងការស្រង់ក្លិន ត្រូវបានចាត់ទុកថាជាសញ្ញាសម្គាល់នៃការឆ្លងមេរោគកូវីដ១៩ តាំងពីជំងឺរាតត្បាតកើតឡើងដំបូង ប៉ុន្តែវាមិនទាន់ច្បាស់ថា តើរោគសញ្ញាបែបនេះ កើតឡើងញឹកញាប់ប៉ុណ្ណា ឬអាចមានរយៈពេលយូរប៉ុណ្ណានោះទេ។

ដើម្បីស្រាយចម្ងល់ទាំងនោះ អ្នកស្រាវជ្រាវបានវិភាគលើលទ្ធផលពីការសិក្សាពីមុនចំនួន ១៨ ដែលពាក់ព័ន្ធនឹងអ្នកជំងឺចំនួន ៣៧00នាក់។ នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស (BMJ) អ្នកស្រាវជ្រាវបានរកឃើញថា ប្រាំមួយខែបន្ទាប់ពីឆ្លងមេរោគ អ្នកជំងឺ ៤% នៅបន្តបាត់បង់សមត្ថភាពរបស់ឃានវិញ្ញាណដដែល ចំណែក ២% ទៀត បាត់បង់ជីវ្ហាវិញ្ញាណ។

អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ការបាត់បង់សមត្ថភាពដើម្បីស្រង់ក្លិន អាចបន្តកើតមានចំពោះអ្នកជំងឺ ៥,៦% ខណៈដែលអ្នកជំងឺ ៤,៤% ទៀត អាចមិនជាសះស្បើយទាំងស្រុងនូវការស្រង់រសជាតិរបស់ពួកគេ។

ស្ត្រីម្នាក់ បានប្រាប់អ្នកស្រាវជ្រាវថា សមត្ថភាពក្នុងការស្រង់ក្លិនរបស់ខ្លួននៅមិនទាន់ប្រសើរឡើងវិញនោះទេ បើទោះបីជាបានជាសះស្បើយពីជំងឺកូវីដ-១៩ ជាងពីរឆ្នាំរួចហើយក្ដី។

អ្នកស្រាវជ្រាវបានលើកឡើងថា ខណៈពេលដែលអ្នកជំងឺភាគច្រើនគួរតែអាចស្រង់ក្លិន និងរសជាតិជាធម្មតាវិញក្នុងរយៈពេល ៣ខែបន្ទាប់ពីឆ្លងជំងឺកូវីដ-១៩ អ្នកជំងឺមួយក្រុមធំអាចវិវត្តទៅជាជំងឺរ៉ាំរ៉ៃដែលទាមទារការកំណត់អត្តសញ្ញាណទាន់ពេលវេលា ការព្យាបាលផ្ទាល់ខ្លួន និងការតាមដានរយៈពេលវែង។

លើសពីនោះ ការស្រាវជ្រាវក៏បានរកឃើញដែរថា ស្ត្រីអាចពិបាកក្នុងការទទួលញ្ញាណទាំងពីរនេះមកវិញជាងបុរស ។ មូលហេតុនៃភាពខុសគ្នានេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែអ្នកស្រាវជ្រាវបានណែនាំថា ស្ត្រីអាចស្រង់ក្លិននិងរសជាតិខ្លាំងជាង ដូច្នេះមានន័យថាពួកគេមានការបាត់បង់កាន់តែច្រើន។

ទិន្នន័យមិនរាប់បញ្ចូលពីប្រភេទនៃជំងឺកូវីដ-១៩ ដែលអ្នកជំងឺបានឆ្លងនោះទេ។ ការស្រាវជ្រាវពីមុនបានបង្ហាញថា វ៉ារ្យ៉ង់អូមីក្រុង (Omicron) ទំនងជាមិនសូវនាំឱ្យបាត់បង់សមត្ថភាពក្នុងការស្រង់ក្លិនទេ៕

Leave a Reply

Your email address will not be published. Required fields are marked *