ឃុំខ្លួនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យម្នាក់ ពាក់ព័ន្ធការស៊ីដាច់លុយដៃគូ ជាង១២ម៉ឺនដុល្លារ

ភ្នំពេញ ៖ បុរសត្រូវចោទម្នាក់ ដែលរកស៊ីជួញដូរព្រះធរណី (ទិញ-លក់ដី) និងមានឋានៈជាថៅកែ និងអគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យមួយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ បន្ទាប់ពីបញ្ចប់ការសាកសួរចម្លើយ ជាប់ពាក់ព័ន្ធនឹងការស៊ីដាច់លុយដៃគូរកស៊ីជាមួយគ្នា ចំនួនជាង១២ម៉ឺនដុល្លារ តាមរយៈការម៉ៅការសាងសង់ផ្ទះល្វែង និងផ្សារបំណក់នៅក្នុង ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២០។

យោងតាមរបស់តុលាការ បានឱ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ ប្រសើ ប៉ាត់តារី ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខរបរ ជាអគ្គនាយកក្រុមហ៊ុន ប៉ាត់ តារី អចលនទ្រព្យ មានទីលំនៅភូមិ១ខ សង្កាត់ច្រាំងចម្រះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកឯភាគីដើមបណ្ដឹងមានឈ្មោះ ម៉ាន់ យូស៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ។ អ្នកទាំង២ គឺជាខ្មែរអ៊ីស្លាម និងជាដៃគូរកស៊ីជាមួយគ្នា។

ជនត្រូវចោទឈ្មោះ ប្រសើ ប៉ាត់តារី ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ រំលោភលើទំនុកចិត្ត តាមបញ្ញត្តិមាត្រា៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ និងប្រឈមនឹងការជាប់ ពន្ធនាគារ ចន្លោះពី៦ខែ រហូតដល់៣ឆ្នាំ ប្រសិនបើតុលាការ រកឃើញពិរុទ្ធភាព។

ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន តាមអំណាចដីកាបង្គាប់ឱ្យនាំខ្លួន របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដោយសមត្តកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ ទាក់ទងនឹងរឿងរ៉ាវខាងលើនេះ ភាគីទាំង២ មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *