មូលនិធិ IMF ថា ស្រីលង្កាចាំបាច់ត្រូវពិភាក្សាជាមួយចិន អំពីការរៀបចំបំណុលឡើងវិញ

ឡុងដ៍ ៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ប្រទេសស្រីលង្កា គួរតែចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការរៀបចំបំណុលឡើងវិញជាមួយប្រទេសចិន ដែលជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសដីកោះមួយនេះ ស្វែងរកកម្ចីហិរញ្ញប្បទានពីមូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះ។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសមួយនៅថ្ងៃអង្គារថា៖ «ប្រទេសចិនគឺជាម្ចាស់បំណុលធំមួយ ហើយស្រីលង្កាត្រូវតែចូលរួមយ៉ាងសកម្មជាមួយប្រទេសចិនក្នុងរៀបចំបំណុលឡើងវិញ»។

ប្រទេសដែលមានប្រទេសជនចំនួន ២២លាននាក់នេះបច្ចុប្បន្នកំពុងគ្របដណ្តប់ដោយវិបត្តិសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរបំផុតរបស់ខ្លួននៅក្នុងប្រវត្តិសាស្ត្រថ្មីៗ។

ប្រទេសនេះជំពាក់បំណុលរបស់ទីក្រុងប៉េកាំងប្រមាណ ៦,៥ប៊ីលានដុល្លាររួមទាំងកម្ចីធនាគារ អភិវឌ្ឍន៍នានា និងការដោះដូររូបិយប័ណ្ណរបស់ធនាគារកណ្តាលផងដែរ។ នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IFF)។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកមួយនេះបានវិនិយោគលើគម្រោងនានាដូចជាផ្លូវហាយវេ កំពង់ផែ ព្រលានយន្តហោះ និងរោងចក្រថាមពលធ្យូងថ្ម។ ប្រទេសជប៉ុន និងឥណ្ឌាក៏ជាម្ចាស់បំណុលទ្វេភាគីរបស់ស្រីលង្កាផងដែរ។

ខណៈចង្អុលបង្ហាញថា ការពិភាក្សាបច្ចេកទេសអំពីកម្មវិធី IMF ថ្មីមួយកំពុងបន្តធ្វើឡើងជាមួយមន្ត្រីមកពីក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាលស្រីលង្កា លោក Srinivasan បាននិយាយថា៖ «ប្រទេសស្រីលង្កាត្រូវចូលរួមជាមួយម្ចាស់បំណុលរបស់ខ្លួន ទាំងម្ចាស់បំណុលឯកជន និងបំណុលផ្លូវការទ្វេភាគីដើម្បីពិភាក្សាអំពីការដោះស្រាយបំណុល ដើម្បីធានាថា និរន្តរភាពបំណុលត្រូវបានស្ដារឡើងវិញ»៕

Leave a Reply

Your email address will not be published. Required fields are marked *