Luis Suarez វិលត្រឡប់ទៅកាន់ក្លិប Nacional ជាទីដែលលោកចាប់ផ្តើមអាជីពបាល់ទាត់

ម៉ុនតេវីដេអូ ៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្លិប Liverpool និង FC Barcelona កីឡាករ Luis Suarez បានចូលរួមជាថ្មី ជាមួយក្លិបអ៊ុយរ៉ូហ្គាយ Nacional លើការផ្ទេរដោយឥតបង់ថ្លៃ ដែលជាការវិលត្រឡប់ ទៅលេងនៅក្លិបដែលមានមូលដ្ឋាននៅទីក្រុង Montevideo បន្ទាប់ពីចំណាយពេល១៦ឆ្នាំ លេងនៅអឺរ៉ុប។

កីឡាករវ័យ ៣៥ឆ្នាំ ដែលបានចាកចេញពីក្លិប Atletico Madrid លេងនៅលីគអេស្ប៉ាញ La Liga កាលពីពេលចប់រដូវកាលមុនរូបនេះ បានលើកឡើងលើប្រព័ន្ធសង្គមនាថ្ងៃអង្គារថា លោកបានសម្រេចការព្រមព្រៀង មុនកិច្ចសន្យាមួយជាមួយក្លិប Nacional ជាទីកន្លែងដែលលោកបានចាប់ផ្តើមអាជីពបាល់ទាត់កាលពីឆ្នាំ២០០៥។

ក្លិប Nacional ក្រោយមកបានបញ្ជាក់ពីការវិលត្រឡប់ របស់កីឡាករ Suarez ទៅកាន់ក្លិប ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិត ស្តីពីហិរញ្ញវត្ថុ ឬក៏រយៈពេលនៃកិច្ចសន្យានោះទេ។

Suarez បានផ្លាស់ទៅលេងក្លិបហូឡង់ FC Groningen ក្នុងឆ្នាំ២០០៦ ហើយបន្ទាប់មកបានផ្លាស់ទៅកាន់ក្លិប Ajax ១ឆ្នាំក្រោយមក មុនពេលចុះកិច្ចសន្យា លេងឲ្យក្លិប Liverpool។

បន្ទាប់ពីចំណាយពេល៣រដូវកាលកន្លះ លេងនៅអង់គ្លេស Suarez បានចូលរួមជាមួយ Barcelona និងបានរីករាយជាមួយនឹងភាពជោគជ័យខ្លាំង ដោយបានឈ្នះពានរង្វាន់លីគចំនួន៤ និងពានរង្វាន់ Champions League ចំនួន១។ លោកក៏បានឈ្នះពានរង្វាន់មួយទៀតផងដែរ ជាមួយក្លិប Atletico ក្នុងឆ្នាំ២០២១។

Suarez គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅគ្រប់ពេលទាំងអស់ របស់ក្រុមជម្រើសជាតិអ៊ុយរ៉ូហ្គាយ ជាមួយនឹងការស៊ុតបញ្ចូលទី៦៨គ្រាប់ ក្នុងការបង្ហាញខ្លួន១៣២ប្រកួត គិតចាប់តាំងពីឆ្នាំ២០០៧៕

Leave a Reply

Your email address will not be published. Required fields are marked *