ស្ត្រេស៖ ហេតុអ្វីបានជាវាកើតមានឡើង? យើងអាចគ្រប់គ្រងវាដូចម្តេច?

ចំណេះដឹង ៖ ស្ត្រេស គឺជាអារម្មណ៍នៃការតានតឹងផ្លូវអារម្មណ៍ ឬផ្លូវកាយ។ វាគឺជាប្រតិកម្មនៃរាងកាយរបស់អ្នកចំពោះបញ្ហាប្រឈម ឬតម្រូវការ។ វាអាចក្លាយទៅជាជំងឺរ៉ាំរ៉ៃ ប្រសិនបើយើងមិនចាត់វិធានការដើម្បីគ្រប់គ្រងវាទេនោះ។ ស្ត្រេសអាចកើតឡើងពីសម្ពាធការងារ ទំនាក់ទំនង សម្ពាធផ្នែកហិរញ្ញវត្ថុ និងស្ថានភាពផ្សេងទៀត។ និយាយឱ្យសមញ្ញ អ្វីក៏ដោយដែលបង្កឱ្យមានបញ្ហាប្រឈម ឬការគំរាមកំហែងដល់សុខុមាលភាពរបស់បុគ្គល នោះអាចបង្កឱ្យមានស្ត្រេសហើយ។

ក/ មូលហេតុ

ព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត អាចបង្កឱ្យមានស្ត្រេស មានដូចជា៖ បញ្ហាការងារ, ខ្វះពេលវេលាឬលុយ, ការ បាត់ បង់ ជីវិតមនុស្សជាទីស្រឡាញ់, បញ្ហាគ្រួសារ, ជំងឺ, ផ្លាស់ទីលំនៅ, ទំនាក់ទំនងស្នេហា, អាពាហ៍ពិពាហ៍ និងការលែងលះ ជាដើម។ មូលហេតុផ្សេងទៀតនៃស្ត្រេសគឺ៖ ការរំលូតកូនឬការបាត់បង់ការមានផ្ទៃពោះ, បើកបរក្នុងចរាចរណ៍មមាញឹកខ្លាំង, សំឡេងរំខានច្រើនពេក, ការកកស្ទះ និងការបំពុល, ការមានផ្ទៃពោះ និងក្លាយជាឪពុកម្តាយ, ភាពមិនច្បាស់លាស់ ឬរង់ចាំលទ្ធផលសំខាន់។ មនុស្សមួយចំនួនជួបប្រទះស្ត្រេសជាបន្តបន្ទាប់ បន្ទាប់ពីព្រឹត្តិការណ៍ដ៏តក់ស្លុត ដូចជាគ្រោះថ្នាក់ ឬការរំលោភបំពានណាមួយ។

ខ/ ផលប៉ះពាល់

ស្ត្រេសធ្វើឱ្យមុខងាររាងកាយមួយចំនួនថយចុះ ដូចជាប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពាររាងកាយ។ រាងកាយប្រមូលផ្តុំកម្លាំង (ឬធនធាន) របស់វាទៅលើការដកដង្ហើម លំហូរឈាម ការប្រុងប្រយ័ត្ន និងការត្រៀមសាច់ដុំ។ អំឡុងពេលមានប្រតិកម្មស្ត្រេស រាងកាយមានការផ្លាស់ប្ដូរដូចជា៖ សម្ពាធឈាមនិងជីពចរកើនឡើង, ការដកដង្ហើមលឿន, សកម្មភាពប្រព័ន្ធរំលាយអាហារថយចុះ, សកម្មភាពភាពស៊ាំថយចុះ, សាច់ដុំកាន់តែតានតឹង, ភាពងងុយគេងថយចុះ។ យ៉ាងណា ស្ត្រេសប៉ះពាល់ដល់បុគ្គលម្នាក់ៗតាមរបៀបផ្សេងៗគ្នា។ វិទ្យាស្ថានជាតិសុខភាពផ្លូវចិត្ត បែងចែកស្ត្រេសជាពីរប្រភេទ៖ ស្រួចស្រាវ(រយៈពេលខ្លី) និងរ៉ាំរ៉ៃ(រយៈពេលវែង)។

– ស្ត្រេសស្រួចស្រាវ៖ ស្ត្រេសប្រភេទនេះ [មានរយៈពេលខ្លី] ហើយជាទម្រង់ទូទៅជាងគេនៃស្ត្រេស។ ជារឿយៗ វាកើតឡើងនៅពេលដែលមនុស្សពិចារណាពីសម្ពាធនៃព្រឹត្តិការណ៍ដែលបានកើតឡើងនាពេលថ្មីៗ ឬប្រឈមមុខនឹងបញ្ហាប្រឈមនាពេលខាងមុខ។ វាមិនបណ្តាលឱ្យមានផលប៉ះពាល់ដូចគ្នានឹងស្ត្រេសរ៉ាំរ៉ៃនោះទេ។ ផលប៉ះពាល់មានរយៈពេលខ្លី រួមមានការឈឺក្បាល ឈឺក្រពះ ព្រមទាំងការថប់អារម្មណ៍ក្នុងកម្រិតមធ្យម។ ទោះជាយ៉ាងណាក៏ដោយ ករណីស្ត្រេសស្រួចស្រាវម្ដងហើយម្ដងទៀតក្នុងរយៈពេលយូរអាចក្លាយទៅជារ៉ាំរ៉ៃ និងបង្កគ្រោះថ្នាក់។

– ស្ត្រេសរ៉ាំរ៉ៃ៖ ស្ត្រេសនេះ [វិវឌ្ឍក្នុងរយៈពេលយូរ] ហើយកាន់តែមានគ្រោះថ្នាក់។ ភាពក្រីក្រ គ្រួសារមិនចុះសម្រុង ឬអាពាហ៍ពិពាហ៍ដែលមិនជាទីពេញចិត្ត គឺជាស្ថានភាពដែលអាចបង្កឱ្យមានស្ត្រេសរ៉ាំរ៉ៃ។ វាកើតឡើងនៅពេលដែលមនុស្សម្នាក់មើលមិនឃើញវិធីដើម្បីជៀសវាងភាពតានតឹងរបស់ពួកគេ ហើយឈប់ស្វែងរកដំណោះស្រាយ។ បទពិសោធដ៏តក់ស្លុតក្នុងជីវិតដំបូង ក៏អាចរួមចំណែកដល់ស្ត្រេសរ៉ាំរ៉ៃផងដែរ។ ស្ត្រេសនេះធ្វើឱ្យរាងកាយពិបាកត្រឡប់ទៅរកកម្រិតធម្មតានៃសកម្មភាពអរម៉ូន ដែលអាចរួមចំណែកបង្កបញ្ហាដូចជា៖ សរសៃឈាមបេះដូង, ផ្លូវដង្ហើម, ការគេង, ភាពស៊ាំ, បន្តពូជ។ ស្ថានភាពស្ត្រេសមិនធូរស្បើយ ក៏អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺលើសឈាម និងជំងឺបេះដូង។ ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត អាចវិវត្តន៍ក្លាយជាស្ត្រេសរ៉ាំរ៉ៃផងដែរ។ អ្នកដែលមានស្ត្រេសរ៉ាំរ៉ៃមានហានិភ័យដែលអាចនាំឱ្យមានការធ្វើអត្តឃាត សកម្មភាពហិង្សា គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។

គ/ រោគសញ្ញា

ផលប៉ះពាល់រាងកាយនៃស្ត្រេសអាចរួមមាន៖ បែកញើស, ឈឺចាប់នៅខាងក្រោយឬទ្រូង, រមួលក្រពើ ឬរមួលសាច់ដុំ, ដួលសន្លប់, ឈឺក្បាល, ញ័រសរសៃប្រសាទ, អារម្មណ៍ដូចមានអ្វីចាក់។- ប្រតិកម្មអារម្មណ៍អាចរួមមាន៖ អស់កម្លាំង, ការភ្លេចភ្លាំង, ឆាប់ខឹង, ទុក្ខព្រួយ។

– អាកប្បកិរិយាដែលទាក់ទងនឹងភាពតានតឹងរួមមាន៖ ចំណង់អាហារ និងការញ៉ាំច្រើនពេក ឬតិចពេក, ការផ្ទុះកំហឹងភ្លាមៗ, ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង, ការដកខ្លួនចេញពីសង្គម, យំញឹកញាប់, បញ្ហាទំនាក់ទំនង។

ប្រសិនបើស្ត្រេសក្លាយជារ៉ាំរ៉ៃ វាអាចនាំឱ្យមានផលវិបាកជាច្រើន រួមទាំង៖ ការថប់បារម្ភ, ជំងឺធ្លាក់ទឹកចិត្ត, ជំងឺបេះដូង, សម្ពាធ ឈាម ខ្ពស់, ភាពស៊ាំទាបប្រឆាំងនឹងជំងឺ, ឈឺសាច់ដុំ, ការលំបាកក្នុងការគេង, ឈឺក្រពះ, ងាប់លិង្គ និងបាត់បង់ចំណង់ផ្លូវភេទ។

ឃ/ ការព្យាបាល

– លំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយការចុះខ្សោយនៃការចងចាំទាក់ទិននឹងស្ត្រេស។

– កាត់បន្ថយការទទួលទានជាតិអាល់កុល ថ្នាំញៀន និងជាតិកាហ្វេអ៊ីន៖ សារធាតុទាំងនេះនឹងមិនជួយការពារស្ត្រេសទេ។ ផ្ទុយទៅវិញ ពួកវាអាចធ្វើឱ្យស្ត្រេសកាន់តែធ្ងន់ធ្ងរ។

– អាហារូបត្ថម្ភ៖ របបអាហារដែលមានសុខភាពល្អ និងមានតុល្យភាព (មានផ្ទុកផ្លែឈើ និងបន្លែច្រើន) អាចជួយរក្សាប្រព័ន្ធការពាររាងកាយនៅពេលមានស្ត្រេស។ របបអាហារមិនល្អ អាចនាំឱ្យមានសុខភាពមិនល្អ និងស្ត្រេសបន្ថែម។

– កំណត់អាទិភាពកិច្ចការងារ៖ ជួយក្នុងការចំណាយពេលវេលាតិចតួចក្នុងការរៀបចំបញ្ជីការងារត្រូវធ្វើប្រចាំថ្ងៃ និងផ្តោតលើកិច្ចការបន្ទាន់។ ផ្តោតលើអ្វីដែលសម្រេចបានសម្រាប់ថ្ងៃនោះ ជាជាងលើកិច្ចការដែលមិនទាន់បានបញ្ចប់។

– ពេលវេលា៖ គួរតែទុកពេលខ្លះសម្រាប់ការសម្រាក និងធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នក។

– ដកដង្ហើម និងបន្ធូរអារម្មណ៍៖ បច្ចេកទេសនៃការដកដង្ហើម និងបន្ធូរអារម្មណ៍អាចបន្ថយល្បឿនបេះដូង និងលើកកម្ពស់ការសម្រាក។ ការដកដង្ហើមវែងៗ ក៏ជាផ្នែកនៃសមាធិផងដែរ។ ការធ្វើសមាធិ ម៉ាស្សា និងយូហ្គា អាចជួយបញ្ហាស្ត្រេសបាន។

– ការចែករំលែកអារម្មណ៍ និងក្តីកង្វល់ជាមួយក្រុមគ្រួសារ មិត្តភ័ក្ដិ និងមិត្តរួមការងារ អាចជួយមនុស្សម្នាក់ឱ្យចាកចេញឬកាត់បន្ថយអារម្មណ៍នៃភាពឯកោ។ មនុស្សផ្សេងទៀតក៏ប្រហែលជាអាចផ្តល់យោបល់សម្រាប់ដំណោះស្រាយបញ្ហាផងដែរ។

– ការទទួលស្គាល់សញ្ញានៃស្ត្រេស៖ មនុស្សអាចខ្វល់ខ្វាយខ្លាំងតែអំពីបញ្ហាដែលបង្កឱ្យមានស្ត្រេស  ខណៈមិនបានកត់សម្គាល់ពីឥទ្ធិពលលើរាងកាយរបស់ពួកគេទេ។

– បង្កើតបច្ចេកទេសគ្រប់គ្រងស្ត្រេស តាមរយៈការស្វែងយល់ពីក្នុងសៀវភៅ ឬប្រភពដែលមានក្នុងអ៊ីនធឺណិត។ ម៉្យាងទៀត អាចចូលរៀនវគ្គគ្រប់គ្រងស្ត្រេសពីអ្នកជំនាញចិត្តសាស្ត្រ។

ឈានដល់ជំងឺធ្លាក់ទឹកចិត្ត ឬជំងឺថប់បារម្ភ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាផ្តល់ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ ទោះយ៉ាងណាក៏ដោយ វាមានហានិភ័យ ដោយថ្នាំនឹងគ្របសង្កត់ស្ត្រេស ជាជាងជួយព្យាបាលអ្នកជំងឺ។ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏អាចមានផលប៉ះពាល់អវិជ្ជមានផងដែរ ហើយពួកគេអាចធ្វើឱ្យផលវិបាកនៃស្ត្រេសកាន់តែអាក្រក់ឡើង ដែលទាមទារនូវការព្យាបាលដោយថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តរយៈពេលវែង៕

source: medicalnewstoday

Leave a Reply

Your email address will not be published. Required fields are marked *