អាហារ និងសកម្មភាពទាំងនេះ ជាអ្វីដែលស្ត្រីមានផ្ទៃពោះគួរជៀសវាង…

ចំណេះដឹង ៖ សុខភាពមាតា និងសុខុមាលភាពទារកដែលកំពុងលូតលាស់នៅក្នុងគភ៌ គឺជា កង្វល់ចម្បងរបស់ស្ត្រីជាម្តាយ ក្នុងអំឡុងពេលមានផ្ទៃពោះ ដូច្នេះ យកល្អគួរតែចៀសវាងការទទួលទានអាហារ និងសកម្មភាពមួយចំនួនដែលអាចបង្កជាគ្រោះថ្នាក់។ នៅក្នុងអត្ថបទនេះ យើងនឹងបរិយាយអំពីរឿងមួយចំនួន ដែលស្ត្រីមានគភ៌មិនគួរធ្វើ។

ទី១. ចៀសវាងការផឹកស្រា៖ ពេលស្ត្រីមានផ្ទៃពោះ ការទទួលទានសុរា គឺមិនល្អដល់សុខភាពទាំងមាតា និងទារកក្នុងផ្ទៃនោះឡើយ។ ជាតិអាល់កុលឆ្លងកាត់សុក ហើយអាចប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃ។ ទារកដែលទទួលរងនូវជាតិអាល់កុលក្នុងផ្ទៃ អាចវិវត្តទៅជាលក្ខខណ្ឌប៉ះពាល់នឹងគ្រឿងស្រវឹងមុនពេលកើត (Fetal Alcohol Spectrum Disorders (FASDs) ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពដូចខាងក្រោម៖ រាងកាយមានសភាពខុសប្រក្រតី, ពិការភាពនៃបញ្ញាស្មារតី, សតិមិនប្រក្រតី, ការប្រកាច់, ការលូតលាស់យឺត ឬមិនល្អ, កាត់បន្ថយសមត្ថភាពលូតលាស់របស់រាងកាយ។ ទោះយ៉ាងណា អ្នកស្រាវជ្រាវមិនប្រាកដថា ស្ត្រីដែលមានគភ៌អាចទទួលទានគ្រឿងស្រវឹង ឬសុរាបានក្នុងកម្រិតណាមួយឲ្យប្រាកដនោះឡើយ ដូច្នេះ ស្ត្រីមានផ្ទៃពោះ គួរជៀសវាងពិសាគ្រឿងស្រវឹងចាប់ពីពេលដឹងខ្លួនឯងថា កំពុងមានគភ៌នៅក្នុងផ្ទៃចាប់ពីបាត់រដូវនៃខែដំបូងទៅ។

ទី២. ចៀសវាងជក់បារី៖ បន្ទាប់ពីការទទួលទានសុរា ឬគ្រឿងស្រវឹង បារីក៏ជាផ្នែកមួយដែលធ្វើឲ្យសុខភាពស្ត្រីមានគភ៌ជួបបញ្ហាផងដែរ ព្រោះក្រៅពីការកើនឡើងពីហានិភ័យនៃជំងឺបេះដូង និងមហារីកសួត ការជក់បារីនៅពេលមានផ្ទៃពោះ ក៏អាចបណ្តាលឱ្យមានបញ្ហាជាច្រើន ក្នុងអំឡុងពេល និងក្រោយពេលមានផ្ទៃពោះផងដែរ។ ផលលំបាកទាំងនោះរួមមាន៖ ការកើតមិនគ្រប់ខែ, ភាពមិនប្រក្រតីពីកំណើត ដូចជាបបូរមាត់ឆែប ទារកស្លាប់ភ្លាមៗបន្ទាប់ពីកើត និងសុខភាពសុកអាចនឹងរងផលប៉ះពាល់។ ក្រៅពីមិនជក់បារី ស្ត្រីមានផ្ទៃពោះក៏គួរចៀសវាងការស្រូបផ្សែងបារីពីអ្នកនៅជុំវិញខ្លួនផងដែរ ដូច្នេះ ស្ត្រីមានគភ៌គួរនៅឲ្យឆ្ងាយពីផ្សែងបារី។

ទី៣. ចៀសវាងការទទួលទានអាហារមួយចំនួន៖ ក/- សាច់ឆ្អិនស្រាប់ដែលផលិតរួច៖ ដូចជាសាច់ហែមជាដើម អាចមានផ្ទុកសារធាតុ Listeria ដែលជាបាក់តេរីដែលអាចឆ្លងដល់សុក ហើយអាចមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ខ/- ទឹកផ្លែឈើ និងទឹកដោះគោឆៅ៖ អាចមានផ្ទុកសារធាតុ Listeria និងបាក់តេរីផ្សេងៗទៀត ដែលអាចបណ្តាលឱ្យពុលអាហារ។ ឈីសមួយចំនួន ជាពិសេស ឈីសទន់ អាចមានសារធាតុទឹកដោះគោឆៅ។ គ/- ត្រីដែលមានជាតិបារ៉តខ្ពស់៖ ត្រីដាវ ត្រីឆ្លាម និងត្រីម៉ាកែល គឺជាត្រីដែលមានជាតិបារ៉តខ្ពស់។ ប្រសិនបើទារកប៉ះពាល់ទៅនឹងជាតិបារ៉ត នឹងអាចបណ្តាលឱ្យខូចខួរក្បាល ឬមានបញ្ហាក្នុងការស្តាប់ និងប៉ះពាល់ភ្នែក។ ឃ/- សាច់ និងត្រីឆៅ៖ សាច់ និងត្រីឆៅ រួមទាំងស៊ូស៊ី និងអយស្ទ័រឆៅ ជាដើម បណ្តាលឱ្យស្ត្រី មាន ផ្ទៃពោះ មាន ហានិភ័យ ខ្ពស់  នៃការបង្ករោគដោយពពួកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត ដែលបណ្តាលឱ្យខ្សោះជាតិទឹក គ្រុនក្តៅ និងភ្នាសដែលនៅជុំវិញទារកក្នុងផ្ទៃត្រូវបានឆ្លងមេរោគ ឬការឆ្លងមេរោគក្នុងឈាមដែលអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ង/- ស៊ុតឆៅអាចផ្ទុក បាក់តេរី៖(salmonella) អាចបណ្តាលឱ្យមានការពុលអាហារ ដូច្នេះ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាង។

ទី៤. ចៀសវាងជាតិកាហ្វេអ៊ីនច្រើនពេក៖ ដូចគ្នានឹងជាតិអាល់កុល ជាតិកាហ្វេអ៊ីនអាចឆ្លងកាត់សុក និងប៉ះពាល់ទៅដល់ទារកក្នុងផ្ទៃ។ ការទទួលទានជាតិកាហ្វេអ៊ីនលើស៣០០មីលីក្រាម (mg) ក្នុងមួយថ្ងៃ អ្នកជំនាញជឿថា អាចបង្កគ្រោះថ្នាក់ដល់ទារក និងអាចបណ្តាលឱ្យទម្ងន់របស់ទារកពីកំណើតថយចុះទាប។

ទី៥. ចៀសវាងអាងទឹកក្តៅ ស្ទឺម សូណា៖ ខណៈពេលដែលការសម្រាកក្នុងទឹកក្តៅ ហាក់ដូចជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីបន្ធូរបន្ថយភាពមិនស្រួលនៅពេលមានផ្ទៃពោះ អ្នកជំនាញណែនាំឱ្យជៀសវាងការងូតទឹកក្តៅ ស្ទីម ឬសូណា ដែលអាចបណ្តាលឱ្យមានកម្តៅខ្លាំង ឬសីតុណ្ហភាពរាងកាយខ្ពស់ខុសធម្មតា នាំឱ្យទារកមានភាពមិនប្រក្រតីពីកំណើត (ឧទាហរណ៍ ពិការភាពពីកំណើត)។ សកម្មភាពមួយចំនួនទៀត ដែលអាចបណ្តាលឱ្យសីតុណ្ហភាពរាងកាយកើនឡើងខ្ពស់រួមមាន៖ យូហ្គា ឬលំហាត់ប្រាណដែលផ្តោតលើការពង្រឹងរាងកាយ ដោយសង្កត់ធ្ងន់លើកម្លាំងស្នូល ការហាលថ្ងៃយូរពេក ការប៉ះពាល់នឹងកំដៅខ្លាំង ការធ្វើលំហាត់ប្រាណខ្លាំង ព្រមទាំងសកម្មភាពធ្វើឱ្យខ្សោះជាតិទឹក គួរចៀសវាង។

ទី៦. ចៀសវាងកីឡាមួយចំនួន៖ កីឡាមួយចំនួន មានទំនាក់ទំនងរាងកាយជាមួយគ្នាទៅវិញទៅមក ដូចជាកីឡាប្រដាល់ បាល់ទាត់ ជាដើម ដែលបង្កើនហានិភ័យនៃការដាច់រហែកសុក ការរលូតកូន បណ្តាលឱ្យកើតមិនគ្រប់ខែ ឬការសម្រាលកូនមិនរួចជាដើម។ល។

ទី៧. ចៀសវាងសកម្មភាពដែលមានហានិភ័យនៃការដួល៖ ស្ត្រីមានផ្ទៃពោះគួរតែជៀសវាងសកម្មភាពណាមួយ ដែលបង្កហានិភ័យនៃការដួល រួមទាំងការជិះស្គី ជិះស្គីលើទឹកកក និងការឡើងភ្នំ ជាដើម។ អំឡុងពេលមានផ្ទៃពោះ សូម្បីតែការដួលបន្តិចបន្តួច ក៏អាចបណ្តាលឱ្យមានរបួសដែរ។

ទី៨. ចៀសវាងសកម្មភាពនៅសួនកំសាន្ត៖ សកម្មភាពដូចជា ជិះ roller coasters (ជាការកម្សាន្តដែលមានចលនា កន្ត្រាក់ ) អាចបណ្តាលឱ្យសុកដាច់ចេញពីស្បូនមុនពេលសម្រាល។

៩. ចៀសវាងការលើកធ្ងន់៖ ការលើកធ្ងន់អាចបង្កើនហានិភ័យនៃ សាច់ដុំទាញ ក្លន ទម្ងន់ទារកពីកំណើតថយចុះទាប ការកន្ត្រាក់នាំឱ្យមាត់ស្បូនបើកបន្ទាប់ពីសប្តាហ៍ទី២០ និងមុនសប្តាហ៍ទី៣៧ នៃការមានផ្ទៃពោះ។

១០. ចៀសវាងលំហាត់ប្រាណមួយចំនួន៖ ទោះបីជាវេជ្ជបណ្ឌិតណែនាំថាស្ត្រីមានផ្ទៃពោះ ភាគច្រើនធ្វើលំហាត់ប្រាណក៏ដោយ ក៏ប្រភេទលំហាត់ប្រាណមួយចំនួនមិនសមស្របឡើយអំឡុងពេលមានផ្ទៃពោះ។ ស្ត្រី មាន ផ្ទៃពោះ គួរ ព្យាយាម ចៀសវាង  ការ ហាត់ប្រាណ ដែល ពាក់ព័ន្ធ នឹង ៖ ការលោត ការផ្លាស់ប្តូរទិសដៅភ្លាមៗ ចលនាកន្ត្រាក់ លំហាត់ប្រាណពោះ។ លំហាត់ប្រាណអាចមានអត្ថប្រយោជន៍អំឡុងពេលមានផ្ទៃពោះ មានដូចជា ការដើរ ហែលទឹក។

១១. ចៀសវាងគ្រឿងញៀន៖ ខណៈការប្រើប្រាស់គ្រឿងញៀនតែងតែបង្កគ្រោះថ្នាក់ វាបង្កគ្រោះថ្នាក់កាន់តែខ្លាំងសម្រាប់អំឡុងពេលមានផ្ទៃពោះ។ ការប្រើប្រាស់គ្រឿងញៀន ឬការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវតាមវេជ្ជបញ្ជា អាចបណ្តាលឱ្យទារកប៉ះពាល់នឹងសារធាតុថ្នាំនៅពេលកើត (ជម្ងឺAbstinence Syndrome)។ លើសពីនេះ ការប្រើប្រាស់ថ្នាំញៀន ក៏បង្កើនហានិភ័យនៃការស្លាប់ទារកក្នុងផ្ទៃ និងភាពមិនប្រក្រតីពីកំណើតផងដែរ។

១២. ចៀសវាងឱសថដែលគ្មានវេជ្ជបញ្ជា៖ ថ្នាំបំបាត់មុន(មួយចំនួន) ថ្នាំបំបាត់ផ្តាសាយ(មួយចំនួន) ឱសថរុក្ខជាតិភាគច្រើន អាចបង្កគ្រោះថ្នាក់ដល់ទារកផងដែរ។

គួរចងចាំថា៖ ស្ត្រីមានផ្ទៃពោះ អាចបន្តសកម្មភាពធម្មតារបស់ពួកគេបាន ដរាបណាពួកគេមានការប្រុងប្រយ័ត្ន។ ជាការល្អបំផុត ក្នុងការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតអំពីសកម្មភាពរឹតត្បិតផ្សេងៗគួរអនុវត្ត អំឡុងពេលមានផ្ទៃពោះ៕

Leave a Reply

Your email address will not be published. Required fields are marked *