គាស់កកាយអំពីការយល់ខុសធំៗ ចំនួន៥ចំណុចទាក់ទិននឹងការគេង

ចំណេះដឹង ៖ ទោះបីជាយើងទាំងអស់គ្នាដឹងថា ការគេងមានសារសំខាន់ណាស់ ក្នុងការថែរក្សាសុខភាព ប៉ុន្តែមនុស្សមួយចំនួននៅមានការយល់ខុស ជុំវិញចំនួនម៉ោងជាមធ្យមនៃការគេងដែលមនុស្សមានតម្រូវការ។ យើងនឹងធ្វើការគាស់កកាយ បង្ហាញអំពីបញ្ហានេះ។ មិនតែប៉ុណ្ណោះ យើងក៏ពិភាក្សាអំពីផលប៉ះពាល់នៃការគេងតិចពេក ឬការគេងយូរពេកផងដែរ។ ខាងក្រោមនេះ ជាការបែងចែកពេលវេលាសម្រាប់ការគេងទៅតាមវ័យនីមួយៗ៖

ក/. មនុស្សគ្រប់រូបត្រូវការ៨ម៉ោង (ជាការយល់ខុស)៖ ការស្រាវជ្រាវបានបង្ហាញថា សម្រាប់មនុស្សពេញវ័យ ការគេងធម្មតា៧-៩ម៉ោង គឺជាបរិមាណសមស្រប។ បរិមាណនៃការគេងដែលយើងត្រូវការជារៀងរាល់ថ្ងៃប្រែប្រួលពេញមួយជីវិតរបស់យើង៖ ១. ទារកទើបនឹងកើត(newborns)ត្រូវការ ១៤-១៧ម៉ោង។ ២. ទារក(infants) ត្រូវការពេល១២-១៥ម៉ោង។ ៣. ក្មេងទើបនឹងចេះដើរតតេះតតះ(toddlers)ត្រូវការពេលគេង១១-១៤ម៉ោង។ ៤. កុមារចូលសិក្សាថ្នាក់មត្តេយ្យត្រូវការពេលគេងពី១០-១៣ម៉ោង។៥. កុមារដែលមានអាយុចូលសាលារៀនបឋមសិក្សាត្រូវការពេលគេងពី៩-១១ម៉ោង។ ៦. ក្មេងជំទង់ត្រូវការពេលគេងពី៨-១០ ម៉ោង។ ៧. មនុស្សពេញវ័យត្រូវការពេលគេងពី៧-៩ម៉ោង និង៨. មនុស្សចាស់ត្រូវការពេលគេងពី៧-៨ម៉ោង។

ខ/. អ្នកអាចហ្វឹកហាត់រាងកាយរបស់អ្នក ឱ្យត្រូវការគេងតិច (ជាការយល់ខុស)៖ មានពាក្យចចាមអារ៉ាមដែលថា អ្នកអាចហ្វឹកហាត់រាងកាយរបស់អ្នកឱ្យត្រូវការគេងតិចជាង៧-៩ម៉ោង។ នេះជាគ្រាន់តែជាជំនឿមិនត្រឹមត្រូវប៉ុណ្ណោះ។ យោងតាមអ្នកជំនាញ វាពិតជាកម្រណាស់សម្រាប់នរណាម្នាក់ ដែលត្រូវការគេងតិចជាង៦ម៉ោង ទោះបីជាមនុស្សមួយចំនួនអាចអះអាងថា មានអារម្មណ៍ល្អជាមួយនឹងការគេងតិចក៏ដោយ។ ប៉ុន្តែអ្នកវិទ្យាសាស្រ្តអះអាងថា វាទំនងសមទៅនឹងឥទ្ធិពលអវិជ្ជមាននៃការកាត់បន្ថយការគេង។ អ្នកដែលគេងបាន៦ម៉ោង ឬតិចជាងនេះ រៀងរាល់យប់ តែងតែស៊ាំនឹងផលប៉ះពាល់នៃការគេងមិនលក់ ប៉ុន្តែនោះមិនមានន័យថា រាងកាយរបស់ពួកគេត្រូវការការគេងតិចបែបនេះនោះទេ។

ទោះជាយ៉ាងណា បុគ្គលកម្រមួយចំនួន មានដំណើរការល្អជាមួយនឹងការគេងតិចជាង៦,៥ម៉ោងរៀងរាល់យប់។ នេះអាចបណ្តាលមកពីការផ្លាស់ប្ដូរហ្សែនដ៏កម្រ (rare genetic mutation)។ ដូច្នេះវាប្រហែលជាមិនមែននរណាម្នាក់អាចហ្វឹកហាត់ខ្លួនឯង ដើម្បីសម្រេចបានការគេងតិចបែបនេះនោះឡើយ។

គ/. ការគេងពេលថ្ងៃគឺមិនល្អចំពោះសុខភាព (ជាការយល់ខុស)៖ អ្នកជំនាញណែនាំមនុស្សឱ្យជៀសវាងការគេងថ្ងៃ (ការគេងខ្លីៗ) ដើម្បីធានាបាននូវការគេងលក់ស្រួលនៅពេលយប់។ យ៉ាងណា ប្រសិនបើអ្នកខកខានដំណេកក្នុងយប់មុនៗ ពេលថ្ងៃក៏អាចជួយសងការខកខានដំណេកក្នុងយប់មុនៗបានខ្លះដែរ។ ពេលគេងថ្ងៃដ៏ល្អ គឺប្រហែល ២០នាទី។ វាផ្តល់ឱ្យរាងកាយនូវពេលវេលាគ្រប់គ្រាន់ ដើម្បីបញ្ចូលថាមពលឡើងវិញ។ ចំពោះអ្នក ដែល គេង យូរ ជាង នេះ  គឺ ចូល ទៅ ក្នុង ដំណេក ជ្រៅ(គេងយូរ) ហើយពេលភ្ញាក់ពីដំណេកវិញ ពួកគេនឹងមានអារម្មណ៍ងងុយ។ ឥទ្ធិពលនៃការគេងថ្ងៃ ចំពោះមនុស្សដែលគេងមិនលក់ អាចនាំទៅរក «ការកែលម្អអារម្មណ៍ ភាពងងុយគេង និងភាពអស់កម្លាំង»។ អ្នកនិពន្ធម្នាក់ពន្យល់ថា៖ ការថយចុះហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងមុខងារនៃការយល់ដឹង ដោយការអនុវត្តគេងខ្លីៗបីបួងដងក្នុងមួយសប្តាហ៍។

ឃ/. ការគេងកាន់តែច្រើនគឺកាន់តែប្រសើរ (ជាការយល់ខុស)៖ ថ្វីដ្បិតតែមនុស្សជាច្រើនពិបាកក្នុងការទទួលបានបរិមាណនៃការ៖ គេងដែលពួកគេត្រូវការ ដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយក៏ដោយ អ្នកខ្លះតែងតែគេងយូរជាងតម្រូវការរាងកាយរបស់ពួកគេ។ អ្នកស្រាវជ្រាវកំណត់ទំនាក់ទំនងរវាងរយៈពេលនៃការគេងយូរ និងសុខភាពខ្សោយ។ ការសិក្សាមួយដែលជឿទុកចិត្ត បានតាមដានមនុស្សពេញវ័យ២៧៦នាក់ សម្រាប់រយៈពេល៦ឆ្នាំបានសន្និដ្ឋានថា៖ ហានិភ័យនៃការវិវត្តទៅជាជំងឺធាត់ ត្រូវបានកើនឡើងសម្រាប់អ្នកគេងរយៈពេលខ្លី (២៧%) និងរយៈពេលវែង(២១%) បើប្រៀបធៀបទៅនឹងអ្នកគេងរយៈពេលមធ្យម។ លើសពីនេះ រយៈពេលនៃការគេងមិនប្រក្រតី ក៏អាចប៉ះពាល់ដល់ការស្លាប់ដែរ នេះបើយោងតាមអ្នកស្រាវជ្រាវមួយចំនួន។

ង/. ការគេងមិនលក់អាចបណ្តាលឱ្យស្លាប់ (ជាការយល់ខុស)៖ ហេតុផលដែលថា ការគេងមិនលក់អាចបណ្តាលឱ្យស្លាប់ គឺដោយសារតែ មិនមានកំណត់ត្រានៃនរណាម្នាក់ស្លាប់ដោយសារការគេងមិនលក់ទេ៖ នៅឆ្នាំ១៩៦៥ នៅពេលដែល ហ្កាដនើ Gardner មានអាយុត្រឹមតែ១៦ឆ្នាំ គាត់គឺជាផ្នែកមួយនៃការពិសោធន៍ការគេងមិនលក់។ សរុបមក គាត់មិនគេង១១ថ្ងៃ២៤នាទី ដែលស្មើនឹង២៦៤.៤ម៉ោង។ ក្នុងអំឡុងពេលនេះ គាត់ត្រូវបានតាមដានយ៉ាងដិតដល់ដោយនិស្សិត និងអ្នកវិទ្យាសាស្រ្តនៃការគេង។ កាន់តែយូរទៅៗ រោគសញ្ញានៃការគេងមិនលក់របស់គាត់កាន់តែអាក្រក់ទៅៗ ប៉ុន្តែសំណាងល្អគាត់អាចបន្តជីវិតទៅមុខទៀតបាន។នៅថ្ងៃទី២ ភ្នែករបស់ហ្កាដនើ កាន់តែពិបាកក្នុងការផ្តោត។

នៅថ្ងៃទី៤ គាត់ពិបាកផ្តោតអារម្មណ៍ ហើយឆាប់ខឹង។ នៅថ្ងៃទី៦ ការនិយាយរបស់ ហ្កាដនើ កាន់តែយឺតទៅៗ។ នៅថ្ងៃទី១០ និងថ្ងៃទី១១ ទឹកមុខ និងសំឡេងរបស់ ហ្កាដនើ លែងបង្ហាញសកម្មភាពចេញមកក្រៅ។ ចំណាប់អារម្មណ៍ និងការចងចាំរបស់គាត់ថយចុះយ៉ាងខ្លាំង។ ប៉ុន្តែគាត់មិនបានស្លាប់ទេ ហើយជាក់ស្តែងមិនបានជួបប្រទះនឹងបញ្ហាសុខភាពរយៈពេលយូរឡើយ។ ហេតុផលមួយទៀតដែលថា ការគេងមិនលក់អាចបណ្តាលឱ្យស្លាប់ គឺដោយសារតែស្ថានភាពមួយហៅថា វិបត្តិនៃគ្រួសារបណ្តាលឲ្យគេងមិនលក់ (fatal familial insomnia)។ អ្នកដែលមានជំងឺហ្សែនដ៏កម្រនេះ ក្លាយទៅជាមិនអាចគេងលក់បាន។ នៅពេលដែលបុគ្គលមានជំងឺនេះស្លាប់ ត្រូវបានសន្និដ្ឋានថា ដោយសារជំងឺសរសៃប្រសាទ ជាជាងរឿងខ្វះការគេងលក់។

ទោះបីការគេងមិនលក់ ប្រហែលជាមិនសម្លាប់អ្នកដោយផ្ទាល់ក៏ដោយ ប៉ុន្តែការហត់នឿយលើសកម្រិតដោយសារកង្វះការគេង បង្កើនហានិភ័យនៃគ្រោះថ្នាក់ ដូចជា ការបើកបរងងុយដេកបានឆក់យកជីវិតមនុស្ស ៧៩៥នាក់ ក្នុងឆ្នាំ ២០១៧។ ទន្ទឹមនឹងនេះ ការសិក្សាមួយក្នុងឆ្នាំ២០១៣ រកឃើញថា ប្រហែល១៣ភាគរយ នៃគ្រោះថ្នាក់ការងារ (work injuries) អាចបណ្តាលមកពីបញ្ហានៃការគេងមិនគ្រប់គ្រាន់។ បន្ថែមពីលើនេះ ប្រសិនបើយើងបង្អត់រាងកាយរបស់យើងពីការគេងច្រើនខែ ឬច្រើនឆ្នាំ វាបង្កើនហានិភ័យនៃការវិវត្តលក្ខខណ្ឌមួយចំនួន រួមមាន៖ ជំងឺសរសៃឈាមបេះដូង លើសឈាម ធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកជាដើម ដែលបណ្តាលឱ្យស្លាប់បាន។ ដូច្នេះ ការគេងមិនលក់មិនបណ្ដាលឱ្យស្លាប់ដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែវាក៏អាចមានផលវិបាកដល់ស្លាប់បានដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *