បន្ទាយមានជ័យ ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណជាង ៤៩០លានដុល្លារ នៅក្នុងខែមិថុនា ឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ស្ថិតនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីចំណូលបានជិត៥០០លានក៏ពិតមែន តែបើធៀបនឹងមុនជំងឺកូវីដ-១៩ គឺនៅតែទាបដដែល។
សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ចំណូលយើងបានឡើងជិត ៥០០លានដុល្លារ ក្នុងមួយខែ ទាំងចំណូលគយ ទាំងចំណូលពន្ធដារ ប៉ុន្តែចំណូលនេះ វានៅតែទាប បើប្រៀបធៀប ទៅនឹងមុនកូវីដ ដែលចំណូលយើងរត់ពី ៥០០លាន ទៅ ៧០០លានដុល្លារ ក្នុងមួយខែ ឥឡូវចំណូលយើងធ្លាក់ នៅក្នុងឆ្នាំ ២០២១ នៅក្រោម ៤០០លានដុល្លារ ប៉ុន្តែក៏ឡើងវិញ នៅឆ្នាំ ២០២២នេះ ដោយកំណើនតម្រូវការក្នុងស្រុក និងកំណើននៃការនាំចូលមានការកើនឡើង»។
គួររំលឹកថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ពន្ធដារ រយៈពេល៥ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ប្រមាណជា ១ ៧២៦.៩៣ លានដុល្លារ(ជាង១ពាន់៧រយលានដុល្លារ) ស្មើនឹង ៦១.២៥% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ៕ ដោយ៖ ហ៊ែល វណ្ណៈ