បន្ទាយមានជ័យ ៖ នាទិវាមច្ឆជាតិ១ កក្កដា នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលបានបង្ហោះព័ត៌មានក្លែងក្លាយ ក្នុងTik Tok ថាមានករណីស្លាប់ដោយសារកូវីដ-១៩ ខណៈ កម្ពុជាបច្ចុប្បន្ន ពុំមានករណីស្លាប់សូម្បីតែមួយករណីអស់រយៈពេល៣ខែកន្លងមកហើយ។
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កាលពីម្សិលមិញ អាជ្ញាធរបានចាប់ខ្លួនបុគ្គលម្នាក់ដែលមានឈ្មោះថា អ៊ូខុង រស់នៅក្នុងខេត្តត្បូងឃ្មុំ បានបង្ហោះព័ត៌មានក្លែងក្លាយអំពីករណីស្លាប់ដោយសារកូវីដ-១៩ នៅខេត្តកោះកុង កន្លងមកយូរឆ្នាំមកហើយ យកមកបង្ហោះសាឡើងវិញ ដើម្បីបំពុលសង្គម។
សម្តេចតេជោ បានថ្លែងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរស្រាវជ្រាវ និងចាប់ឲ្យខានតែបាន។ បើអ្នកឯងមិនបង្ហោះ អ្នកណាទៅចាប់ តែបើផុសហើយ កុំនឹកស្មានតែរួចខ្លួន។ បើទោះបីខ្ញុំមិនបញ្ជាឲ្យចាប់ ក៏គង់នគរបាល និងតុលាការគេធ្វើការដែរ។ បច្ចេកវិទ្យាព័ត៌មានតាមរកអ្នកឯងភ្លាម បើអ្នកឯងនៅក្រៅស្រុក គឺជារឿងមួយ តែបើនៅក្នុងស្រុក គឺអ្នកឯងរត់អត់រួចទេ ក្រយៅខ្លះ ទោះបីមិនជាប់គុក ក៏គុកទៅតាមរកដែរ ដូចជាបុគ្គលនេះ គុកទៅតាមរកតើ។ ខ្ញុំថាគ្រោងប្រកាសឲ្យអ៊ូខុងចេញមក ហើយសារភាពឲ្យត្រង់ទៅ តែអាជ្ញាធរចាប់ខ្លួនមុនបាត់។ កុំគិតថាចេញពីគុកហើយល្បីឈ្មោះ»។
សម្តេចតេជោ ហ៊ុន សែន បានចោទសួរអង្គការក្រៅរដ្ឋាភិបាល និងអង្គការសិទ្ធិមនុស្ស ថាតើទទួលយកបានទេអំពីព័ត៌មានបំភ័យសង្គមបែបនេះ ដែលបង្ហោះដោយបុគ្គលអ៊ូខុងនោះ ខណៈដែលកម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ តាំងពីខែមេសា ឆ្នាំ២០២២។
សម្តេចតេជោ បានថ្លែងថា រឿងនេះមិនមែនជារឿងលេងសើចទេ រឿងដែលភ័យខ្លាចក្នុងចំណោមសាធារណជន មិនមែនជារឿងបញ្ចេញមតិទេ។ សម្តេច បានព្រមានថា៖ «អ្នកណាដែលយកបញ្ហារឿងកូវីដទៅលេងសើច ហើយបំពុលបរិកាស គឺត្រូវបានចាប់ខ្លួន ផុសឡើង១ ចាប់មួយ ផុសឡើង២ ចាប់ពីរ»៕ ដោយ៖ ហ៊ែល វណ្ណៈ