សម្តេចតេជោ៖ អ្នកដែលទិតៀនខ្ញុំថា ព្រៃឈើបាត់ទៅណា ដីអ្នកឯងថាបាត់នោះ គឺជាដីដែលអ្នកឯងបង្កបង្កើនផល

បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះអ្នកដែលទិតៀនថា បាត់បង់ព្រៃឈើនៅកម្ពុជា ទាំងដែលអ្នកទិតៀននោះ កំពុងតែកាន់កាប់ដីព្រៃឈើ ដើម្បីបង្កបង្កើនផល។ សម្តេចតេជោ បានថ្លែងបែបនេះ នៅក្នុងទិវាមច្ឆជាតិ១ កក្កដា នៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ បានថ្លែងដូច្នេះថា៖ «ប្រសិនជាអ្នកឯងនៅតែបន្តថា បាត់ព្រៃឈើទៅណា ដូច្នេះដីដែលអ្នកឯងកាន់កាប់ក្រោយឆ្នាំ១៩៧៩ គឺជាដីដែលអ្នកឯងបានមកពីការកាប់ឈើនោះឯង។ ដីបាត់ទៅណា ដីវានៅតែដដែល តែត្រូវបានក្រុមអ្នកឯងកាន់កាប់។ ដីអ្នកឯងថាបាត់នោះ គឺជាដីដែលអ្នកឯងកំពុងតែបង្កបង្កើនផល។ បើអ្នកឯងចិត្តសឿង អ្នកដែលទិតៀនខ្ញុំ ប្រគល់ដីឲ្យរាជរដ្ឋាភិបាលវិញ ដើម្បីយកទៅដាំកូនឈើវិញ»។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្ត កាលពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ សម្តេចតេជោ បានធ្វើផ្ទះជូនដល់ពលរដ្ឋមកពីក្រៅប្រទេស ប៉ុន្តែដល់ពេលឃោសនាបោះឆ្នោតនៅឆ្នាំ២០០៣ បែរជាមកវាយប្រហារសម្តេចថារឹបអូសផ្ទះទៅវិញ។ សម្តេចបានថ្លែងដូច្នេះថា៖ «ឲ្យផ្ទះគេហើយ គេយកអាហ្នឹងមកវាយប្រហារយើងទៀត អ្នកណាមិនឈឺ ទាល់តែមនុស្សនោះជាដុំថ្ម ទើបមិនឈឺ»។

បើតាមសម្តេចតេជោ ការដែលកម្ពុជាបាត់បង់ព្រៃឈើ គឺដោយសារកត្តាកំណើនប្រជាជនដែល មានតម្រូវដី សម្រាប់បង្កបង្កើនផល៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *