អាជ្ញាធរស្រុកអង្គស្នួល រកឃើញថា រណ្តៅ និងការដ្ឋានខ្សាច់ ៤កន្លែង នៅឃុំព្រៃពួច និងឃុំលំហាច កំពុងបង្កហានិភ័យ

កណ្តាល ៖ យោងតាមរបាយការណ៍ ស្តីពីការចុះពិនិត្យកំណាត់ផ្លូវខូចខាត ដោយសារការដឹកជញ្ជូនខ្សាច់ដី បណ្តាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅឃុំព្រៃពួច និងឃុំលំហាច នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យឃើញថា៖ រណ្តៅ និងការដ្ឋានខ្សាច់មាន ចំនួន ៤រួមមាន៖

*រណ្តៅ របស់លោក ផុន ឈុនណាង (ភូមិអូរកំបុត ឃុំព្រៃពួច)

*រណ្តៅ របស់លោក អ៊ិន សុភី (ភូមិឈើទាល ឃុំព្រៃពួច)

*រណ្តៅ របស់លោក ហាក់ ថាវី (ភូមិកណ្តាល ឃុំលំហាច)

*រណ្តៅ របស់លោក សែម វណ្ណា (ភូមិយសមេត្រី ឃុំលំហាច)

របាយការណ៍បានឱ្យដឹងថា ការដ្ឋានរណ្តៅទាំង៤ខាងលើនេះ ពិតជាមានសកម្មភាពដឹកខ្សាច់ចេញ បណ្តាលឲ្យខូចខាតផ្លូវចំនួន ៣ខ្សែ សរុបប្រវែង ៧០០ម៉ែត្រ និងមានជង្ហុកដោយអន្លើៗ។

របាយការណ៍បានបន្ថែមទៀតថា ពិតជាមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចំនួន ០៧ភូមិ (ភូមិអូរកំបុត ភូមិស្វាយ ភូមិពាម ភូមិក្រាំងលាវ ភូមិអង្គរស្មី ឃុំព្រៃពួច ភូមិកណ្តាល ភូមិយសមេត្រី ឃុំលំហាច) ពិសេសមានប្រជាពលរដ្ឋ សិស្សសាលា និងកម្មករ ដួលជាញ៉ឹកញ៉ាប់ ដោយសារផ្លូវមានជង្ហុក និងរអិលភុក។

ក្រោយការពិនិត្យក្រុមការងារបានសម្រេច៖

១. ធ្វើកំណត់ហេតុផ្អាកសកម្មភាពការដ្ឋានទាំង៤ ឲ្យឈប់ដឹកខ្សាច់ និងដីចេញជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ១២ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រហូតមានការសម្រេចជាថ្មី

២. តម្រូវឲ្យក្រុមហ៊ុនទាំង៤ ជជែកគ្នា ដើម្បីចូលរួមវិភាគទានជួសជុលផ្លូវដែលខូចខាតឡើងវិញ ឲ្យបានប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលឡើងវិញ

៣. ណែនាំឲ្យក្រុមហ៊ុនថែទាំ និងជួសជុលផ្លូវដែលឡានដឹកខ្សាច់ចរាចរណ៍ជាប្រចាំ និងហាមមិនឲ្យមានការរំខានដល់ការរបស់នៅរបស់ប្រជាពលរដ្ឋដែលនៅតាមដងផ្លូវ និងនៅក្បែរការដ្ឋានខ្សាច់។

ជាលទ្ធផល ម្ចាស់ការដ្ឋានរណ្តៅខ្សាច់ទាំង៤៖

១-បានឯកភាពបិទការដ្ឋានជាបណ្តោះអាសន្ន ដោយទទួលយកការណែនាំ និងសន្យាអនុវត្តតាមការណែនាំដូចមានក្នុងកំណត់ហេតុ។

២-នៅរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ផុន ឈុនណាង ដាក់គ្រឿងចក្រចូលឈួសឆាយ និងធ្វើផ្លូវឡើងវិញ ចំនួន ៥០០ម៉ែត្រ នៅចំណុចភូមិអូរកំបុត្រ ឃុំព្រៃពួច ដោយគៀភក់ដែលនៅលើផ្លូវចេញ ហើយចាក់ដី និងថ្មថ្មីវិញ ដោយត្រៀមនឹងដាក់រ៉ូឡូកិនបង្ហាប់ឲ្យបានងាយស្រួល ហើយគ្រោងនឹងរួចរាល់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។

៣-ក្រុមការងារចំរុះកំពុងបន្តពិនិត្យ និងតាមដានការសន្យារបស់ការដ្ឋានរណ្តៅខ្សាច់ ចំនួន ៣ ដែលមិនទាន់ចាប់ផ្តើមឈួសឆាយជុលជុលផ្លូវឡើងវិញ។

៤-ប្រជាពលរដ្ឋ ជាច្រើនបានចេញមកអបអរសាទរចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់ តាមការណែនាំរបស់លោក ខុន សេរីរដ្ឋា អភិបាលស្រុក និងបានផ្តាំផ្ញើអរគុណដល់លោកអភិបាលស្រុក ចំពោះការយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *