សុខភាព ៖ ពាក្យថាការមានផ្ទៃពោះនៅវ័យចាស់ (Geriatric-pregnancy) គឺជាពាក្យក្នុងភាសាពេទ្យ ដែលសំដៅទៅលើស្ត្រីដែលមានផ្ទៃពោះ នៅអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ប៉ុន្តែពាក្យនេះ នៅពេលបច្ចុប្បន្ន គឺគេមិនប្រើប្រាស់ទៀតទេ ដោយជំនួសវិញដោយពាក្យការពពោះនៅអាយុច្រើន (advanced maternal age)វិញ។
ទី១- តើការពពោះនៅពេលដែលមានអាយុច្រើន អាចនឹងមានផលវិបាកអ្វីខ្លះ?
ជាការពិតទៅមនុស្សស្រីអាចនឹងពពោះដោយមានសុវត្ថិភាព ទោះបីជាពួកគេឈានដល់វ័យច្រើនក៏ដោយ ហើយមិនត្រឹមតែប៉ុណ្ណោះ ទារកក៏នឹងអាចមានសុខភាពល្អដូចគ្នា ប៉ុន្តែការពពោះនៅអាយុច្រើនវានឹងអាចធ្វើឱ្យស្ត្រីប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ដែលទាមទារឱ្យអ្នកជាម្ដាយនៅអាយុច្រើន ត្រូវតាមដានសុខភាពខ្លួនឯងដិតដល់ជាងធម្មតា។ ការប្រឈមនឹងសុខភាពចំពោះស្ត្រីដែលពពោះនៅវ័យច្រើន គឺមានដូចជា៖
*ងាយប្រឈមនឹងផលវិបាកសុខភាពផ្សេងៗ ពេលពពោះ ដូចជាជំងឺទឹកនោមផ្អែមពេលពពោះ និងបម្រុងក្រឡាភ្លើង (preeclampsia) ជាដើម។
*សម្រាលមុនកំណត់
*ទារកស្លាប់ក្នុងពោះ (Still birth)
*ជំងឺខូចក្រូម៉ូហ្ស៊ូម (chromosomal defects) ចំពោះទារក
*បញ្ហាពេលសម្រាល (ពិបាកសម្រាលដោយធម្មជាតិ ដែលតម្រូវឱ្យធ្វើការសម្រាលដោយវះកាត់)
ទី២-តើត្រូវធ្វើដូចម្ដេច បើអ្នកមានអាយុច្រើនពេលពពោះ?
ថ្វីបើទោះជាមានបញ្ហាប្រឈមក៏ពិតមែន តែបើយោងតាមការលើកឡើងរបស់មជ្ឈមណ្ឌល CDC របស់សហរដ្ឋអាម៉េរិក បានលើកឡើងថា ស្ត្រីជាម្ដាយដែលមានវ័យច្រើន គឺពូកែថែទាំកូនបានល្អជាងម្ដាយវ័យក្មេង ហើយបើទោះជាការប្រឈមនេះ អាចកើតមានពិតមែន គឺអ្នកអាចកាត់បន្ថយការប្រឈមបានដោយ៖
*ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ និងធ្វើតាមការណែនាំរបស់ពេទ្យ
*ហាត់ប្រាណឱ្យបានទៀងទាត់
*ពិសាអាហារដែលផ្ដល់សុខភាពល្អ
*ព្យាយាមរក្សាទម្ងន់ខ្លួនឱ្យបានត្រឹមត្រូវ តាមស្ដង់ដារមុននឹងសម្រេចយកកូន
*ចៀសវាងការប្រើប្រាស់ថ្នាំពេទ្យ ដែលគ្មានវេជ្ជបញ្ជាប្រើប្រាស់ គ្រឿងស្រវឹង ឬគ្រឿងញៀន ជក់បារីជាដើម៕
ប្រភព ៖ insider / healthline / parents / northshore