អ្នករាយការណ៍ពិសេសUN៖ ការបញ្ជូន សេង ធារី ទៅពន្ធនាគារនៅខេត្តដាច់ស្រយ៉ាល ធ្វើឲ្យសាច់ញាតិ និងតំណាងកុងស៊ុល លំបាកចុះសួរសុខទុក្ខ

ភ្នំពេញ ៖ រឿងរ៉ាវក្តីក្តាំងរបស់កញ្ញា សេង ធារី នៅតែជាទីចាប់អារម្មណ៍ របស់សាធារណជន និងអ្នកពាក់ព័ន្ធ ក្នុងការលើកយកមកធ្វើជាប្រធានបទជជែកពិភាក្សាគ្នា។ មិនទៅណាឆ្ងាយពីរឿងនេះ លោក វិទិត មុនតាប៊ន ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ទួទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ចេញទស្សនៈថា ការបញ្ជូនខ្លួនកញ្ញា សេង ធារី ដែលជាអ្នកច្បាប់អន្តរជាតិ ទៅឃុំក្នុងពន្ធនាគារ នៅខេត្តព្រះវិហារ ជាប់ព្រំដែនថៃនោះ បានធ្វើឲ្យជួបការលំបាក ដល់សាច់ញាតិ និងកុងស៊ុល ចុះសួរសុខទុក្ខ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៩ មិថុនា លោក វិទិត មុនតាប៊ន បានលើកឡើងថា សកម្មជនជាប់ទោសជាជនជាតិខ្មែរ អាមេរិកាំងម្នាក់ (កញ្ញា សេង ធារី) ត្រូវបានផ្លាស់ ពីពន្ធនាគារនៅទីក្រុងភ្នំពេញ ទៅពន្ធនាគារខេត្ត ដាច់ស្រយាល។ អាជ្ញាធរនាយកដ្ឋានពន្ធនាគារ បានបង្ហាញជាសាធារណៈថា ការផ្លាស់ប្តូរពន្ធនាគារនេះ ដោយហេតុផល សកម្មជនជាប់ទោសម្នាក់នេះ មានអាកប្បកិរិយា “ចម្លែកខុសគេ”។

លោកថា “ប៉ុន្តែការផ្លាស់ប្តូរនេះ នឹងធ្វើឲ្យការទៅជួបសួរសុខទុក្ខ របស់គ្រួសារ ឬតំណាងកុងស៊ុល កាន់តែមានការលំបាកជាខ្លាំង”។

ដោយផ្អែកលើហេតុផលទាំងនេះ លោកក៏បានស្នើរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យឡើងវិញនូវការផ្តន្ទាទោស និងករណីស្រដៀងគ្នាទាំងអស់ដែលមិនទាន់កាត់ក្តី ដើម្បីធានាដំណើរការ របស់តុលាការ នាពេលអនាគតប្រកាន់ខ្ជាប់ កាតព្វកិច្ចអន្តរជាតិ «វាជារឿងសំខាន់ដែលត្រូវធានា ចំពោះនិន្នាការនៃការបង្រួម ទំហំពលរដ្ឋ និងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ដែលវាកាន់តែធ្ងន់ធ្ងរឡើង ដោយការកាត់ក្តីទាំងនេះ ត្រូវបានកើតឡើងជាថ្មីទៀត»។

អ្នកជំនាញគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនត្រឹមតែ មានកាតព្វកិច្ចផ្លូវច្បាប់ ការពារសិទ្ធិជនជាប់ចោទប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវគោរពសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ស្របតាមកតិកាសញ្ញាអន្តរជាតិ និងសេចក្តីប្រកាសសិទ្ធិមនុស្ស អាស៊ានផងដែរ។ សិទ្ធិនេះមានសារៈសំខាន់ ចំពោះនយោបាយពហុបក្ស។

អ្នកជំនាញយូអិន សង្កត់ធ្ងន់ទៀតថា “វាជាការគួរឲ្យព្រួយបារម្ភដែលឃើញថា ទោះបីជាមានការឈ្នះសំឡេងឆ្នោត លើសលប់ ដែលមិនបានបញ្ជាក់ ក៏ដោយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីដើមខែនេះ បរិយាកាសនៃការធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ ដែលមានអាចឥទ្ធិពល ស្មើនឹងការបំភិតបំភ័យ នៅតែបន្តកើតមាននៅក្នុងប្រទេស ដែលបានប្តេជ្ញាខ្លួន ចំពោះគោរពតាមនីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន”។

ការលើកឡើងរបស់អ្នកជំនាញ រាយការណ៍ពិសេសយូអិននេះ ធ្វើឡើងបន្ទាប់ពីលោក ជិន ម៉ាលីន អ្នក នាំពាក្យក្រសួងយុត្តិធម៌អះអាងថា ការបញ្ជូនខ្លួនកញ្ញា សេង ធារី ទៅពន្ធនាគារខេត្តព្រះវិហារ ជាសិទ្ធិ អំណាចរបស់មន្រ្តីពន្ធនាគារ និងអយ្យការ ហើយលោកថា ការកាត់ទោសលើកញ្ញានេះ មិនមែនមកពីតែងខ្លួន បែបវិបល្លាសស្មារតីនោះដែរ តែមកពីកញ្ញាជាប់ ពាក់ព័ន្ធបទល្មើសផ្តួលរំលំ រាជរដ្ឋាភិបាល ប្រព្រឹត្តទៅកាលពីអំឡុង ចុងឆ្នាំ២០១៩ ដែលមានលោក សម រង្ស៊ីនៅពីក្រោយ។ កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួនភ្លាមៗ ក្នុងពេលបញ្ចប់សវនាការ កាលពីព្រឹកថ្ងៃ១៤ មិថុនា៕

Leave a Reply

Your email address will not be published. Required fields are marked *