រកឃើញសត្វភេស៊ូម៉ាត្រា ស្ថិតក្នុងបញ្ជីក្រហម IUCN រស់នៅជុំវិញតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប

ភ្នំពេញ ៖ អង្គការ Wondors of the Mekong បានឱ្យដឹងនៅថ្ងៃ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ថា អាងទន្លេមេគង្គ ជាជម្រករបស់សត្វដែលកម្រ និងគួរឱ្យចាប់អារម្មណ៍ជាច្រើនប្រភេទ ។ សត្វភេ ជា ថនិកសត្វដ៏មានមន្តស្នេហ៍មួយក្នុងចំណោមប្រភេទជាច្រើន ដែលមានឈ្មោះវិទ្យាសាស្ត្រ លូត្រា ស៊ូម៉ាត្រាណា (Lutra Sumatrana)។ វាមានឈ្មោះជាភាសាអង់គ្លេស Hairy-nosed otter ដែលមានន័យថា “ភេរោមច្រមុះ” ពុកមាត់នៅច្រមុះវា បានធ្វើឱ្យវាមានរូបរាងខុសប្លែកគេ។

សត្វភេប្រភេទនេះវាខុសពីថនិកសត្វភាគច្រើន ដែលមានច្រមុះរលោង និងមានសំណើម ច្រមុះរបស់សត្វភេនេះ គ្របដោយរោមវែងៗដូចពុកមាត់។ សត្វភេ អាងទន្លេមេគង្គ ត្រូវបានគេហៅថា សត្វភេស៊ូម៉ាត្រា ឬសត្វភេខ្មៅ ដោយសារថារោមខ្លួនខ្មៅរបស់វា ដែលខុសពីរោមខ្លួនពណ៌ប្រផេះ ដែលគេឃើញនៅលើខ្លួនសត្វភេខ្លួនរលោង។ គេច្រើនជួបប្រទះសត្វប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍ ក៏មានន័យថា វាមានតែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ហើយគ្មាននៅកន្លែងណាផ្សេងទៀតទេក្នុងពិភពលោក។ ពពួកសត្វភេស៊ូម៉ាត្រា ឬសត្វភេខ្មៅ រស់នៅរាយប៉ាយ តែក្នុងចំនួនតិចក្បាល និងនៅក្បែរប្រភពទឹក។ នៅក្នុងប្រទេសកម្ពុជា គេបានកំណត់អត្តសញ្ញាណ សត្វភេស៊ូម៉ាត្រា ឬសត្វភេខ្មៅថា នៅជុំវិញតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប។

សត្វពិសេសទាំងនេះ ក៏ជាសត្វកម្របំផុតក្នុងចំណោមសត្វភេទាំង១៣ប្រភេទ ដែលមាននៅលើពិភពលោក។ បច្ចុប្បន្នអង្គការ IUCN បានដាក់បញ្ជូលពួកវាក្នុងបញ្ជីក្រហមថា ជាសត្វជិតផុតពូជ នឹងចំនួនរបស់វាមាននិន្នាការថយចុះ។ ក្នុងឆ្នាំ១៩៩៨ សត្វភេនេះ ត្រូវបានគេគិតថាផុតពូជទៅហើយ ចាប់តាំងពីពួកវាមិនត្រូវបានគេប្រទះឃើញនៅក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕ កែសម្រួលដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *