បើម៉ាស្សាត្រឹមត្រូវមិនអីទេ តែនេះបង្កប់សេវាផ្លូវភេទទៀត

ភ្នំពេញ ៖ ហាងកោសជប់ និងម៉ាស្សាយី «ហោ៦៦៦» ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ចុះបង្ក្រាប កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធការលួចលាក់បង្កប់សេវាផ្លូវភេទខុសច្បាប់។ ទីតាំងហាងម៉ាស្សានេះ ស្ថិតនៅផ្ទះលេខ7A ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ សមត្ថកិច្ច បានឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ជាថៅកែហាង និងនារីបម្រើផ្លូវភេទ ចំនួន៣នាក់ ដែលក្នុងនោះមានអនីតិជនម្នាក់ផងដែរ។ ថៅកែហាងមានឈ្មោះ ចូច ជឿន អាយុ២៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ហន សុភានី អាយុ៤១ឆ្នាំ។

សមត្ថកិច្ចបានបន្តថា ហាងម៉ាស្សាមួយនេះ បានបើកដំណើរការកោសជប់ និងម៉ាស្សា ហើយលួចបម្រើសេវាផ្លូវភេទ ទើបសមត្ថកិច្ចសុំគោលការណ៍ពីព្រះរាជអាជ្ញា ចុះឆែកឆេរ និងបង្ក្រាប តែម្តង។ ហាងម៉ាស្សានេះ មានបន្ទប់ចំនួន៤ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឆែកឆេរ រកឃើញវត្ថុតាង មានស្រោមអនាម័យ ប្រើរួច និងមិនទាន់ប្រើជាច្រើន។

បន្ទាប់ពីបញ្ចប់ការឆែកឆេរ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែហាង២នាក់ប្តីប្រពន្ធ និងនាំនារីបម្រើសេវាកម្មផ្លូវភេទ ចំនួន៣នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។

ដោយឡែក ហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទមួយនេះ ក៏ត្រូវបានគណៈកម្មការចម្រុះបិទជាបណ្តោះអាសន្ន៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *