ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ

បន្ទាយមានជ័យ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ និងតំឡើងផ្ទាំងប៉ាណូ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនេះដែរ មានការចូលរួមពីអភិបាលស្រុកអូរជ្រៅ កងកម្លាំងប្រដាប់អាវុធទាំងបី មេឃុំអូរបីជាន់ មេប៉ុស្តិ៍ម៉ាពូ ប្រតិបត្តិករ CMAC, HALO Trust សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា ពិធីផ្សព្វផ្សាយនេះ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ សិស្សា-នុសិស្ស និងសហគមន៍យល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីទប់ស្កាត់កុំឲ្យមានជនរងគ្រោះថ្នាក់ដោយសារគ្រាប់ទាំងនោះបន្តទៀត។ និងលើកផ្ទាំងប៉ាណូ និងសម្ភារអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ បានទទួលការគាំទ្រថវិកា ពីគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR4)៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *