សុខភាព ៖ ជំងឺផ្សិតក្នុងមាត់ ឬដែលខ្មែរយើងចំណាំហៅថាជ្រាំងអណ្ដាត កើតឡើងនៅពេលដែលមានការឆ្លងមេរោគផ្សិតនៅក្នុងមាត់របស់អ្នក។ រោគផ្សិតតាមមាត់ច្រើនតែកើតមានចំពោះទារក និងកុមារ ទើបចេះដើរតេះតះ។ វាបណ្តាលឱ្យមានដុំពកពណ៌ស ឬពណ៌លឿង បង្កើតនៅលើថ្ពាល់ខាងក្នុង និងអណ្តាត។ ដុំពកទាំងនោះជាធម្មតាបាត់ទៅវិញជាមួយនឹងការព្យាបាល។ ជាធម្មតាការឆ្លងគឺស្រាល ហើយកម្របង្កឱ្យមានបញ្ហាធ្ងន់ធ្ងរ។ ប៉ុន្តែចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ វាអាចរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ និងបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។
*រោគសញ្ញានៃជ្រាំងអណ្ដាត
នៅដំណាក់កាលដំបូងរបស់វា ប្រហែលជាមិនបង្កឱ្យមានរោគសញ្ញាអ្វីឡើយ។ ប៉ុន្តែនៅពេលដែលការឆ្លងកាន់តែអាក្រក់ទៅៗ រោគសញ្ញាមួយ ឬច្រើនខាងក្រោមអាចនឹងវិវឌ្ឍន៍៖
-ដុំពកពណ៌ស ឬលឿងនៅលើថ្ពាល់ខាងក្នុង អណ្តាត បំពង់ក អញ្ចាញធ្មេញ ឬបបូរមាត់
-ហូរឈាមតិចតួចប្រសិនបើស្នាមជាំត្រូវបានកោស
-ឈឺ ឬក្ដៅនៅក្នុងមាត់
-អារម្មណ៍ដូចកប្បាសនៅក្នុងមាត់
-ស្បែកស្ងួត ប្រេះនៅជ្រុងមាត់
-ពិបាកលេប
-រសជាតិមិនល្អនៅក្នុងមាត់
-ការបាត់បង់រសជាតិ
ក្នុងករណីកម្រខ្លះ ជំងឺដុះជ្រាំងអណ្ដាត អាចប៉ះពាល់ដល់បំពង់អាហាររបស់អ្នក។ ផ្សិតដូចគ្នាដែលបណ្តាលឱ្យកើតរោគផ្សិតនៅក្នុងមាត់ក៏អាចបណ្តាលឱ្យមានការឆ្លងមេរោគផ្សិតនៅក្នុងផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកផងដែរ។
*តើជ្រាំងអណ្ដាតអាចឆ្លងទេ?
ប្រសិនបើអ្នកមានរោគផ្សិតក្នុងមាត់ វាអាចឆ្លងមេរោគផ្សិតដែលបណ្តាលឱ្យមានស្ថានភាពនេះទៅអ្នកផ្សេង ក្នុងករណីប្រសិនបើអ្នកថើបមាត់ទល់មាត់។ ក្នុងករណីខ្លះ បុគ្គលនោះអាចវិវត្តន៍ទៅជាដំបៅមាត់ក៏មាន។ ផ្សិតដែលបង្កឱ្យមានមេរោគតាមមាត់ ក៏បង្កឱ្យមានមេរោគផ្សិតនៅ ផ្នែកផ្សេងទៀតរបស់រាងកាយដែរ។
*ការធ្វើរោគវិនិច្ឆ័យជ្រាំងអណ្ដាត
គ្រូពេទ្យប្រហែលជាអាចធ្វើរោគវិនិច្ឆ័យលើមាត់របស់អ្នកដោយគ្រាន់តែពិនិត្យមាត់ដោយផ្ទាល់ភ្នែក។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើកោសល្យវិច័យលើតំបន់ដែលរងផលប៉ះពាល់ ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ។ ដើម្បីធ្វើការធ្វើកោសល្យវិច័យ ពួកគេនឹងកោសផ្នែកតូចមួយនៃដុំពកចេញពីមាត់របស់អ្នក។ បន្ទាប់មក គំរូនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីធ្វើតេស្ត។
ប្រសិនបើគ្រូពេទ្យសង្ស័យថាអ្នកមានរោគផ្សិតនៅក្នុងបំពង់អាហារ ពួកគេអាចនឹងប្រើវិធីវះកាត់បំពង់ក ឬការថតឆ្លុះដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ៕ កែសម្រួលដោយ៖ ហ៊ែល វណ្ណៈ
ប្រភព៖ healthline