ប្រជាពលរដ្ឋឃុំព្រៃពួច ព្រួយបារម្ភសុវត្ថិភាព ព្រោះតែរថយន្តដឹកខ្សាច់បំផ្លាញផ្លូវ

កណ្តាល ៖​ រថយន្តដឹកខ្សាច់ដឹកដីរបស់ថៅកែ ជិន សីហា កំពុងបង្កឲ្យប្រជាពលរដ្ឋនៅភូមិអូរកំបុត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល កំពុងព្រួយបារម្ភអំពីសុវត្ថិភាព និងជាពិសេសរថយន្តដឹកដីដឹកខ្សាច់ទាំងនោះ ធ្វើឱ្យខូចផ្លូវក្នុងភូមិស្ទើអស់ទៅហើយ។ រីឯអាជ្ញាធរភូមិ-ឃុំមិនហ៊ានក្អកជាមួយថៅកែដឹកខ្សាច់ដឹកដីនេះទេ។ យ៉ាងណាក៏ដោយរំពឹងថា អាជ្ញាធរស្រុកអង្គស្នួល និងចាត់វិធានការរឿងនេះផង។

ក្រុមរថយន្តដឹកដីដឹកខ្សាច់ បច្ចុប្បន្នកំពុងតែបំផ្លាញផ្លូវលំក្នុងភូមិអូរកំបុត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល រងការខូចខាតខ្ទេចខ្ទីរ ជាពិសេសរថយន្តតូចធំ ចេញចូលដឹកខ្សាច់ជារៀងរាល់ថ្ងៃ នៅរណ្តៅខ្សាច់របស់លោក ជិន សីហា និងក្រុមរថយន្តដឹកដីផ្សេងៗទៀត ក៏បើកឆ្លង កាត់ក្នុងភូមិអូរកំបុត ជារៀងរាល់ថ្ងៃ។ រថយន្តដឹកខ្សាច់ខាងមុខ បើកមិនប្រណីដល់ប្រជាពលរដ្ឋក្មេងៗសិស្ស សាលាដែលធ្វើដំណើរតាមផ្លូវនោះឡើយ។ បើទោះបីជាមិនមានគ្រោះថ្នាក់អ្វីគួរឲ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែផ្លូវខូច ខាតភក់ជះទៅលើអ្នកធ្វើដំណើរ។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា រថយន្តដឹកដីដឹកខ្សាច់បំផ្លាញផ្លូវខូចខាតស្ទើគ្រប់កន្លែង តាំងពីដើមភូមិរហូត ដល់ចុងភូមិ ហើយការដឹកដី-ដឹកខ្សាច់ មិនដែលគ្របតាមការណែនាំរបស់អាជ្ញាធរទេ​ ដោយកំពុបដី ឬខ្សាច់ជ្រុះពេញផ្លូវ។ ពេលខែភ្លៀងបែកភក់វ៉ល់។ ពេលមេឃក្តៅហុយទ្រលោម ហុយចូលពេញផ្ទះ និងបង្កអោយគ្រោះថ្នាក់ រអិលដួល ប្រឡាក់ខោអាវ រថយន្តដឹកអត់គ្រប ស្រក់ទឹកលើដងផ្លូវ ខុសបទដ្ឋានបច្ចេកទេស ដីហុយប៉ះពាល់ដល់សុខភាពកុមារតូចៗប្រជាពលរដ្ឋពិបាករស់នៅណាស់។

ប្រជាពលរដ្ឋសូមសំណូមពរឲ្យអាជ្ញាធរមេត្តាចុះពិនិត្យមើល និងមានវិធានទៅលើក្រុមរថយន្តដឹកដីដឹកខ្សាច់ និងសុំជួយឲ្យម្ចាស់ការដ្ឋានខ្សាច់ជួយជួសជុលផ្លូវឲ្យបានល្អ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *