សិស្សសាលារងគ្រោះដោយសាររន្ទះបាញ់ ចំនួន៦នាក់ ទទួលបានអំណោយពីកាកបាទក្រហម

បាត់ដំបង ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២ បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខាខេត្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់សិស្សានុសិស្សទាំងចំនួន៦នាក់ ដែលរងគ្រោះដោយរន្ទះបាញ់ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យរតនមណ្ឌល។

ក្នុងឱកាសនោះ មន្រ្តីប្រតិបត្តិសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់ ឯកឧត្ដម  សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗនៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងមិនបានជួយដោះស្រាយនោះទេ។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់និងរន្ទះបាញ់ បានបណ្តាលឱ្យសិស្សានុសិស្សចំនួន៦នាក់របួស ខណៈម៉ោងចេញលេងនៅសំយាបសាលា។ ក្នុងនោះសិស្សសាលា៥នាក់របួសស្រាល ដែលត្រូវបានព្យាបាលនៅមណ្ឌលសុខភាពស្តៅ និងរបួសធ្ងន់១នាក់បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សូមបញ្ជាក់ថា អំណោយដែលសាខាខេត្តផ្តល់ជូនដល់គ្រួសាររងគ្រោះទាំង៦នោះ  ក្នុង១គ្រួសារៗទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម,  ទឹកបរិសុទ្ធវីឃែរ ២កេស, ទឹកដោះគោឆៅ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *