AFC ពន្យារពេលការដេញថ្លៃធ្វើម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣

កូឡាឡុំាពួរ ៖ សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានពន្យារពេលកាលកំណត់របស់ខ្លួន ក្នុងការទទួលការចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ Asian Cup ឆ្នាំ២០២៣ បន្ទាប់ពីការសម្រេចចិត្តរបស់ចិន ក្នុងការបោះបង់ចោលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។

នេះបើតាមការប្រកាសពី AFC ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

ចិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នៅវគ្គ ២៤ក្រុមនាខែមិថុនា និងកក្កដា ឆ្នាំក្រោយ ប៉ុន្តែការរឹតបន្តឹងលើគោលនយោបាយទប់ស្កាត់កូវីដ-១៩ របស់ប្រទេសនេះបានធ្វើឲ្យលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍នេះត្រូវបានផ្លាស់ប្តូរវិញ។

ភាគីដែលចាប់អារម្មណ៍ ត្រូវតែបញ្ជាក់ពីការចូលរួមដេញថ្លៃរបស់ពួកគេនៅត្រឹមថ្ងៃទី១៥ ខែកក្កដា។ នេះបើតាម AFC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ខណៈកាលពីពេលមុន កាលកំណត់គឺនៅត្រឹមថ្ងៃទី៣០ ខែមិថុនាតែប៉ុណ្ណោះ។

សមាគមបាល់ទាត់កូរ៉េខាងត្បូង បានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួននឹងចូលរួមដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ ខណៈជប៉ុនបានឲ្យដឹងកាលពីខែឧសភាថា ខ្លួនបានទាក់ទងក្រៅផ្លូវការ ស្តីពីការអាចជំនួសចិនក្នុងការធ្វើជាម្ចាស់ផ្ទះនេះដែរ។

ដោយឡែក សមាគមបាល់ទាត់អូស្ត្រាលីបានលើកឡើងថា ខ្លួនបាននឹងកំពុងថ្លឹងថ្លែងអំពីការចូលរួមដេញថ្លៃ៕

Leave a Reply

Your email address will not be published. Required fields are marked *