សម្តេចតេជោ ហ៊ុន សែន៖ ផ្ទុះជំងឺកូវីដ-១៩ សារជាថ្មី នៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន ក្រោយប្រកាសពីការរកឃើញឡើងវិញនូវជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ។

សម្ដេចតេជោ ក៏ស្នើឱ្យពលរដ្ឋមានវិធានការហ្មត់ចត់ ដើម្បីបញ្ជៀសការរីករាលដាលជំងឹកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាថ្មី។

សូមបញ្ជាក់ថា ក្នុងសារសំឡេងពិសេស នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រសួងសុខាភិបាល បានរកឃើញជាបន្តបន្ទាប់នូវអ្នកកើតជំងឺកូវីដ-១៩ តាមរយៈម៉ាស៊ីន PCR ទាំងអ្នកនៅក្នុងប្រទេស ដែលចង់ចេញទៅក្រៅ និងអ្នកមកពីក្រៅប្រទេស។ សម្ដេចបន្ថែមថា ក្រៅពីនេះ ក៏រកឃើញវិជ្ជមានឡើងវិញ លើការធ្វើតេស្ត្ររហ័សដល់ពលរដ្ឋមួយចំនួនផងដែរ។

សម្ដេចតេជោ បានបញ្ជាដល់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធមានវិធានការជាបន្ទាន់ឆ្លើយតបដើម្បីបញ្ជៀសនូវការរាលដាលធ្ងន់ធ្ងរដល់សង្គម។

សម្ដេចតេជោថា៖ «ជម្រាបជូនបងប្អូនជនរួមជាតិថា! វា(កូវីដ-១៩)ចាប់ផ្ដើមកើតឡើងវិញ ហើយវាឆ្លងទាំងម៉ាស៊ីនធំ ទាំងការធ្វើតេស្តរហ័សបានចាប់ផ្ដើមឃើញមាននូវច្រើនកន្លែងរួចទៅហើយ»។

សម្ដេចតេជោ បានអំពាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងដូសជំរុញត្រូវខិតខំទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ជាមួយនឹងការអនុវត្តនវិធានការសុវត្តិភាព៣ការពារ ៣កុំ។

សម្ដេចបានព្រមានពីការដែលអាចធ្វើឱ្យប្រទេសវិលត្រឡប់ទៅក្នុងស្ថានភាពដ៏អាក្រក់ឡើងវិញប្រសិនជាគ្មានវិធានការទប់ស្កាត់ទាន់នោះ។

កម្ពុជាបានប្រកាសរកមិនឃើញជំងឺកូវីដ-១៩ រយៈពេលជាង៥០ថ្ងៃហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *