Update៖ក្រុមចោរលួចគាស់សោរផ្ទះពលរដ្ឋ ពីរល្វែងជាប់គ្នា យកសម្ភារបើគិតជាប្រាក់អស់ជាង៣០០០ដុល្លារ ជិតប៉ុស្តិ៍នគរបាលសំរោងក្រោម

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅជិតវត្តបតិក្ខប្បញោ សង្កាត់សំរោងក្រោមកំពុងរស់នៅក្នុងភាពភ័យខ្លាចក៏ព្រោះតែថ្មីៗកន្លងទៅនេះផ្ទះ២ល្វែងជាប់គ្នាត្រូវចោរគាស់ឬកកាយប្រមូលយកសម្ភារៈអស់មួយចំនួន។ គិតមក ដល់ពេលនេះមិនទាន់មានតម្រុយអំពីមុខសញ្ញាចោរ គាស់ផ្ទះនៅឡើយ។

ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ដែលត្រូវក្រុមចោរលួចគាស់សោរផ្ទះចូលយកសម្ភារៈ បានរាយការណ៍ប្រាប់អង្គភាព csndaily នៅរសៀលថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២នេះថា នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានក្រុមចោរបានចូលមកលួចគាស់សោរផ្ទះរបស់ពួកគាត់ ចូលរើកកាយយកសម្ភារគិតជាប្រាក់អស់ជាង៣០០០ដុល្លារនិងធុងបាសដែលទើបទិញថ្មីមួយគ្រឿងតំលៃជាង៦០០ដុល្លារ។ ពួកគាត់សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អង្គភាពយើងថា នៅយប់ថ្ងៃកើតហេតុដោយសារពួកគាត់មានកម្មវិធីនៅខាងក្រៅមិនបានមកផ្ទះវិញទេ ហើយក៏បានចាក់សោរផ្ទះត្រឹមត្រូវ លុះព្រឹកឡើងទើបអ្នកជិតខាងទូរសព្ទប្រាប់ពួកគាត់ ឲ្យត្រឡាប់មកវិញ ទើបឃើញបាត់ធុងបាស់មួយ ដែលមានតម្លៃជាង៦០០ដុល្លារនិងលុយកាក់ប្រមាណ ៣ ពាន់ដុល្លារទៀត។

ប្រជាពលរដ្ឋរងគ្រោះបានប្រាប់បន្តទៀតថា ទីតាំងដែលក្រុមចោរលួចគាស់សោរផ្ទះនោះ ទីមួយផ្ទះលេខ២D និងផ្ទះលេខ៣D គឺនៅជាប់របងខាងជើងវត្ត ស្ថិតនៅភូមិតិក្ខប្បញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយពួកវាបានធ្វើសកម្មភាពនៅវេលាម៉ោងប្រហែលជា៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

ប្រជាពលរដ្ឋនៅតំបន់នោះបានបន្តឲ្យដឹងទៀតថា ករណីចោរលួច, ចោរឆក់, គាស់ផ្ទះ, តែងតែកើតមានស្ទើររាល់យប់រាល់ថ្ងៃ ខណៈសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោង ក្រោម និងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មិនទាន់បង្ក្រាបបាននៅឡើយ។ ជាក់ស្តែងករណីដែលបានកើតឡើង នៅជិតវត្តតិក្ខប្បញ្ញោមើលទៅសមត្ថកិច្ចហាក់ដូចជាចាត់ទុកជារឿងធម្មតា។

គួររំលឹកផងដែរថា រយៈពេលពីរបីយប់ជាប់គ្នានេះ គឺមានករណីលួចរ៉ឺម៉ករបស់ពលរដ្ឋ និងជាក់ស្តែយប់ថ្ងៃកើតហេតុនោះ ក៏ពួកវាលួចគាស់សោរផ្ទះលួចយកសម្ភារៈទៀត។ ប្រជាពលរដ្ឋរស់នៅភូមិតិក្ខប្បញោ ជាពិសេសនៅម្តុំកន្លែងកើតហេតុតែម្តង ។ ប្រជាពលរដ្ឋនៅតំបន់នោះសូមសំណូមពរឲ្យលោកមេប៉ុស្តិ៍ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយដាក់កម្លាំងល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់រាល់បទល្មើសទាំងនេះផង។

គួរំលឹកថា កន្លងមក បទល្មើសឆក់, ប្លន់, លួចគាស់ផ្ទះ, លួចស្លាកលេខរថយន្ត, ឆ្កិះកញ្ចក់រថយន្តស៊េរីទំនើប តែងតែកើតមានជាញឹកញាប់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បើទោះបីជាសមត្ថកិច្ចខិតខំបង្ក្រាបយាងណាក៏ដោយ។ ដូចច្នេះ គួរតែមានវិធានការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់បំផុត។ ជារឿយៗគេសង្កេតឃើញថាលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាពដែលលោកអធិការបានដឹកនាំកម្លាំងជំនាញចុះតាមគោលដៅហាងការហ្វេប្រេៗមានម៉ាស៊ីនត្រដាក់ដើម្បីពួនស្ទាក់និងបង្ក្រាបក្រុមជនសង្ស័យក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋានខ្លះដែរតែមិនទាន់ឃើញបង្ក្រាបបាន។ ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងកើតហេតុសូមសំណូមពរអោយលោកអធិការនគរបាលខណ្ឌជួយចាត់កម្លាំងចុះល្បាតនៅពេលយប់បន្ថែមទៀតផងដើម្បីកាត់បន្ថយរាល់បទល្មើសទាំងអស់នេះ៕

ដោយ៖តុង សីហា

Leave a Reply

Your email address will not be published. Required fields are marked *