លោក Stoltenberg៖ NATO នឹងបង្កើនចំនួន «កងទ័ពប្រុងជើងការខ្ពស់» ដល់ ៣០០,០០០នាក់

ព្រុចសែល ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គលេខាធិការអង្គការណាតូ (NATO) លោក ជេន ស្ដូលធិនបឺគ (Jens Stoltenberg) បាននិយាយថាបក្សសម្ព័ន្ធយោធាមួយនេះ នឹងបង្កើនចំនួនកងទ័ព ដែលត្រូវបានដាក់ឱ្យ «ប្រុងជើងការខ្ពស់» ដល់ ៣០០,០០០នាក់ ខណៈកំពុងត្រៀមអនុម័តយុទ្ធសាស្ត្រថ្មីមួយដែលនឹងចាត់ទុក រុស្ស៉ីជាការគំរាមកំហែងដោយផ្ទាល់។

លោក ស្ដូលធិនបឺគ ធ្វើការកត់សម្គាល់ខាងលើ នៅឯទីក្រុងព្រុចសែល នៅថ្ងៃចន្ទសប្ដាហ៍នេះ មុននឹងកិច្ចប្រជុំកំពូល NATO ចាប់ផ្ដើមពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែមិថុនានេះក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ប្រមុខណាតូរូបនេះបានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីបានដើរចេញឆ្ងាយពីភាពជាដៃគូ និង កិច្ចសន្ទនាដែលណាតូ ព្យាយាមរក្សាជាមួយរុស្ស៉ីអស់រយៈពេលជាច្រើនឆ្នាំមកនេះ… ហើយពួកគេ (រុស្ស៉ី) បានសម្រេចចិត្តជ្រើសរើសយក ការប្រឈមមុខដាក់គ្នា ជាជាងកិច្ចសន្ទនា»។

គួរបញ្ជាក់ថា បើតាមលោក ស្ដូលធិនបឺគ នៅពេលអនាគត ណាតូនឹងបង្កើនចំនួនកងទ័ពដែលត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ដល់ ៣០០,០០០នាក់ ធៀបទៅនឹងបច្ចុប្បន្ន មានតែ ៤០,០០០នាក់ប៉ុណ្ណោះដែលកំពុងត្រៀមលក្ខណៈធ្វើសកម្មភាពភ្លាមៗ ក្នុងករណីចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *