ញ៉ាំអាហារផ្អែមច្រើនពេកឆាប់ចាស់! តើវាជាការពិតទេ?

សុខភាព ៖ មានការលើកឡើងថា ការទទួលទានទឹកមិនបានគ្រប់គ្រាន់ ទទួលទានជាតិអាល់កុលលើសកម្រិតគឺជាមូលហេតុដែលធ្វើឱ្យស្បែកជ្រីវជ្រួញឆាប់ចាស់ ហើយក្នុងនោះក៏រាប់បញ្ចូលទាំងការញ៉ាំអាហារផ្អែម ឬជាតិស្ករលើសផងដែរ។ តើការទទួលទានអាហារផ្អែមច្រើនពេកពិតជាធ្វើឱ្យយើងឆាប់ចាស់មែនទេ? ខាងក្រោយនេះគឺជាការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត Marilyn Glenville ជាសមាជិកនៃវេជ្ជសាស្ត្រ និងជាអ្នកព្យាបាលរោគអាហារូបត្ថម្ភ ដែលទទួលបានសញ្ញាប័ត្របណ្ឌិតពីសាកលវិទ្យាល័យខេមប្រ៊ីជ។ លោកស្រីមានប្រសាសន៍បញ្ជាក់ថា ការទទួលទានជាតិស្ករចម្រាញ់ខ្ពស់ គឺមានជាប់ទាក់ទងទៅនឹងការបង្កើនភាពចាស់នៃស្បែកពិប្រាកដមែន។ លោកស្រីក៏បានបញ្ជាក់លម្អិតតាមលំដាប់នៃសំណួរខាងក្រោមនេះ៖

១. តើជាតិស្ករអាចកំណត់អាយុរបស់មនុស្សទេ?

ចម្លើយគឺពិតណាស់! ព្រោះថា វាមានប្រតិកម្មជាមួយនឹងប្រូតេអ៊ីនបង្កើតផលិតផលចុងក្រោយ គ្លីកូស៊ីដ (AGEs)។ សារធាតុទាំងនេះបណ្តាលឱ្យស្បែកមានស្នាមជ្រីវជ្រួញ។

២. តើជាតិស្ករប្រភេទណាខ្លះដែលអាចបង្កឱ្យឆាប់ចាស់?

ជាតិស្ករមាននៅក្នុងអាហារ ដូចជាផ្លែឈើដែលលោកអ្នកតែងតែទទួលទាន គឺមានជាតិសរសៃច្រើនដែលធ្វើឱ្យការរំលាយអាហារជាតិស្ករថយចុះ ហើយបណ្តាលឱ្យមានផលប៉ះពាល់តិចចំពោះជាតិស្ករក្នុងឈាម។ ចំពោះស្ករដែលបង្កឱ្យឆាប់ចាស់ខ្លាំងនោះគឺ ប្រភេទស្ករចម្រាញ់ឬស្ករកែច្នៃ។

៣. តើវាហួសពេលទេ ប្រសិនជាចង់ឱ្យស្បែកត្រឡប់មកធម្មតាវិញ?

លោកស្រីបញ្ជាក់ថា វាមិនដែលយឺតពេលទេសម្រាប់ការផ្លាស់ប្ដូររបៀបរស់នៅ។ លោកអ្នកគ្រាន់តែកាត់បន្ថយ ឬកែប្រែទម្លាប់ខ្លះៗក្នុងការទទួលទានប្រភេទស្ករកែច្នៃ នោះរាងកាយរបស់លោកអ្នកនឹងសម្របខ្លួនតាមនោះជាក់ជាមិនខាន។

៤. តើមានអាហារណាដែលជួយកម្រិតជាតិស្ករលើសបានទេ?

ចម្លើយគឺពិតជាមាន! លោកអ្នកអាចញ៉ាំបន្លែផ្លែឈើចម្រុះ ព្រោះនៅក្នុងបន្លែ ផ្លែឈើវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារយើងពីការខូចខាតរ៉ាឌីកាល់សេរី។ នៅក្នុងពណ៌ផ្លែឈើនិងបន្លែផ្សេងៗគ្នាគឺមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗគ្នា។

៥. ចូរបង្ហាញពីរបៀបដែលស្ករធ្វើឱ្យប៉ះពាល់រាងកាយ។

លោកអ្នកត្រូវជ្រាបថា ស្ករគឺជាកាឡូរីទទេ ដែលមិនមានតម្លៃជាអាហារូបត្ថម្ភនោះទេ។ វាអាចធ្វើឱ្យ កើនឡើងហានិភ័យនៃការឡើងទម្ងន់និងជំងឺទឹកនោមផ្អែមប្រភេទទី២។ ការទទួលទានស្ករចម្រាញ់ច្រើនពេកបង្កើតការរលាកកាន់តែច្រើននៅក្នុងខ្លួន ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺមហារីក៕

ប្រភព៖ bbcgoodfood

Leave a Reply

Your email address will not be published. Required fields are marked *