អ្នកភូមិឥណ្ឌូណេស៊ី ចាប់បានក្រពើប្រវែង ៤,៣ម៉ែត្រ ដោយប្រើខ្សែពួរ

បរទេស ៖ អ្នកភូមិឥណ្ឌូណេស៊ីម្នាក់ បានចាប់ក្រពើមួយក្បាល ប្រវែងជាង ៤ ម៉ែត្រ ដោយប្រើខ្សែពួរ ដោយភ័យខ្លាចថាវាអាចគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ខ្លួនឯង និងអ្នកជិតខាង។

វីដេអូដែលបង្ហាញពីសកម្មភាពកូនប្រុសរបស់បុរសខាងលើ កំពុងវាយក្រពើដ៏ធំ ដោយប្រើខ្សែពួរស្តើង កាលពីថ្ងៃសៅរ៍កន្លងទៅ បានរីករាលដាលពាសពេញបណ្ដាញសង្គមក្នុងប្រទេសឥណ្ឌូណេស៊ី។

នេះបើយោងតាមអ្នកភូមិអាយុ៥៣ឆ្នាំម្នាក់ លោកបាននិយាយថា ក្រពើនេះបានហែលជុំវិញភូមិរបស់លោក គឺភូមិអេមប៉ូ អ៊ីនដា (Ambau Indah) ក្នុងខេត្តសូឡាវេស៊ី ភាគខាងត្បូង (South Sulawesi) យ៉ាងហោចណាស់ពីរថ្ងៃមុន ពេលលោកសម្រេចចិត្តចាត់វិធានការបែបនេះ។

អ្នកភូមិឥណ្ឌូណេស៊ីរូបនេះ បាននិយាយថា «ប្រសិនបើយើងទុកវាចោល វានឹងឡើងមកលើគោក ហើយយើងនឹងមិនអាចចូលទៅក្នុងស្រែបានទេ។ នេះជាហេតុនាំឲ្យមានគ្រោះថ្នាក់។ ទីនេះក៏មានលូជុំវិញផ្លូវ ដែរជាកន្លែងដែលអ្នកស្រុកនេសាទ។ វាអាចនាំឲ្យមានគ្រោះថ្នាក់ ប្រសិនបើវាវារឡើងលើប្រឡាយ។ ដូច្នេះហើយខ្ញុំត្រូវតែឆ្លៀតឱកាស»។

តាមរ៉យទ័រ ភ្នាក់ងារអភិរក្សធនធានធម្មជាតិ ក្នុងស្រុក (BKSDA) បានឲ្យដឹងថា ក្រពើនេះ ត្រូវបានរកឃើញថា មានប្រវែង ៤,៣ម៉ែត្រ។ បុគ្គលិក BKSDA បានលើកសត្វក្រពើដ៏ធំនេះ ដាក់លើកន្ទុយឡាន ដើម្បីយកវាទៅប្រលេងចូលទៅក្នុងព្រៃវិញ ក្នុងតំបន់ដែលមានប្រជាជនតិច៕

Leave a Reply

Your email address will not be published. Required fields are marked *