សុខភាព ៖ កំហឹងគឺជាអារម្មណ៍ទូទៅធម្មតាមួយដែលមនុស្សម្នាក់ៗតែងតែមាន។ ការមានកំហឹងមិនមែនជាកំហុសនោះទេ ព្រោះវាគ្រាន់តែជាអារម្មណ៍ធម្មជាតិ។ ប៉ុន្តែការដែលបណ្ដែតបណ្ដោយឱ្យអារម្មណ៍ខឹងគ្រប់គ្រងលើសតិ ហើយបង្កជាបញ្ហាដល់ខ្លួនឯងនិងអ្នកដទៃ នោះទើបជាកំហុសមួយដែលគួរតែជៀសវាង។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រងាយៗខ្លះៗដើម្បីគ្រប់គ្រងកំហឹងរបស់យើង។
១/. រាប់ចំនួនលេខ
ការរាប់ចំនួនលេខចាប់ពី ១ ដល់ ១០០ ឬពី ១០០ មក ១ វិញ គឺជាវិធីសាស្ត្រសាមញ្ញមួយក្នុងការគ្រប់គ្រងអារម្មណ៍ខឹង ព្រោះថា នៅពេលដែលយើងផ្ដោតអារម្មណ៍លើការរាប់ ចង្វាក់បេះដូងរបស់យើងនឹងលោតមកប្រក្រតីវិញ ហើយអារម្មណ៍ខឹងក៏កាត់បន្ថយទៅតាមនោះផងដែរ។
២/. ដកដង្ហើមវែងៗ មួយៗ
តើលោកអ្នកបានកត់សម្គាល់ទេថា នៅពេលដែលយើងខឹង ដង្ហើមរបស់យើងនឹងមានរយៈពេលខ្លី ហើយមានល្បឿនលឿន។ ដូច្នេះ ការសម្រួលអារម្មណ៍ដោយដកដង្ហើមឱ្យបានវែងៗ និងមួយៗ វាអាចជួយឱ្យបេះដូងរបស់យើងដំណើរការធម្មតាឡើងវិញបាន។
៣/. ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណគឺជាវិធីសាមញ្ញមួយ ជួយធ្វើឱ្យសរសៃប្រសាទរបស់លោកអ្នកស្ងប់និងកាត់បន្ថយកំហឹង។ សកម្មភាពហាត់ប្រាណទាំងនោះរួមមាន ការដើរ រត់ ជិះកង់ លេងបាល់ វាយកូនហ្គោល ។ល។
៤/. ត្រូវទទួលស្គាល់ថាខ្លួនកំពុងខឹង
ការទទួលស្គាល់ថាខ្លួនកំពុងខឹង ឬមានកំហឹង គឺជាឱកាសល្អដែលអាចឱ្យយើងអាចគ្រប់គ្រងវាបានទាន់ពេលវេលា។ ព្រោះថាជាទូទៅកំហឹងដែលបង្កជាបញ្ហា គឺជាកំហឹងដែលមានកម្លាំងលើសតិអារម្មណ៍ ហើយទប់ចិត្តមិនបាន។ ដូច្នេះ ការដឹងនិងភ្ញាក់ខ្លួនថា ខ្លួនកំពុងខឹង គឺជាឱកាសក្នុងការសម្រួលអារម្មណ៍ ហើយគ្រប់គ្រងវាឡើងវិញ។
៥/. ស្ដាប់តន្រ្តី
ការបណ្ដែតអារម្មណ៍ឱ្យហោះហើរតាមតន្រ្តីក៏ជាវិធីសាស្ត្រសាមញ្ញមួយដែលយើងគួរពិចារណាផងដែរ។ ដូចជាដែលយើងដឹងហើយថា សិល្បៈគឺជាគ្រឿងញ៉ាំងចិត្ត ញ៉ាំងអារម្មណ៍ឱ្យសប្បាយរីករាយ ឬរំភើបញាប់ញ័រទៅតាមនោះ។ ដូច្នេះ មិនត្រឹមតែតន្រ្តីមួយមុខនោះទេ ដែលអាចជួយលោកអ្នកបាន ពោលគឺគ្រប់ទម្រង់ទាំងអស់នៃសិល្បៈគឺសុទ្ធតែអាចជួយបន្ធូរអារម្មណ៍ខឹងបាន ហើយជម្រើសក្នុងការប្រើប្រាស់គឺស្ថិតនៅលើលោកអ្នក៕