ក្រសួងបរិស្ថាន និង (USAID) បើកយុទ្ធនាការកាត់បន្ថយការហូបសាច់សត្វព្រៃ

ភ្នំពេញ ៖ ក្រសួងបរិស្ថាន ទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការដៃគូក្នុងវិស័យបរិស្ថាន នៅថ្ងៃទី២២ ខែមិថុនា បានចាប់ផ្ដើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទី២ «ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» និងការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម។

ការចាប់ផ្ដើមយុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គមលើកទី២ «ដើម្បីកាត់បន្ថយការទិញ និងការហូបសាច់សត្វព្រៃ» នេះធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ និងលោក រីឆាត ឈិន (Richard Chen) ប្រធានការិយាល័យកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព នៃទីភ្នាក់ងារជំនួយអាមេរិក USAID រួមនឹងអង្គការដៃគូសិស្ស-និស្សិត ប្រមាណ២០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក រីឆាត ឈិន បានថ្លែងថា សត្វព្រៃ គឺជាផ្នែកមួយដ៏សំខាន់ នៃកេរដំណែលជាតិរបស់ប្រទេសកម្ពុជា និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ ប៉ុន្តែ ធនធានធម្មជាតិ និងសត្វព្រៃរបស់កម្ពុជា កំពុងបាត់បង់ពីព្រៃឈើ និងតំបន់ការពារធម្មជាតិ។ លោកថ្លែងថា «យុទ្ធនាការដែលយើងប្រកាសជាផ្លូវការថ្ងៃនេះ ផ្តោតលើយុវជនដែលជាអ្នកការពារកេរដំណែលជាតិ របស់ប្រទេសកម្ពុជា តាមរយៈការកាត់បន្ថយតម្រូវការទិញ និងហូបសាច់សត្វព្រៃ ដែលជាកត្តាជំរុញដ៏សំខាន់នៃការបាត់បង់ជីវចម្រុះ»។

លោកបន្តថា ពាក្យស្លោករបស់យុទ្ធនាការ គឺ «រួមគ្នារក្សាជីវិតសត្វព្រៃ» “Let Wildlife Live” ដោយសារសត្វព្រៃ គឺជាផ្នែកដ៏សំខាន់មួយ របស់ធម្មជាតិ សេដ្ឋកិច្ច និងវប្បធម៌។ លោក រីឆាត ឈិន លើកឡើងថា កិច្ចខិតខំប្រឹងប្រែងនេះ ក៏ស្របតាមយុទ្ធនាការអន្ទាក់សូន្យ ដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន ដែលបានប្រកាសដំណើរការ កាលពីខែមីនាឆ្នាំនេះផងដែរ។ លោកថ្លែងថា៖ «ការកាត់បន្ថយតម្រូវការសាច់សត្វព្រៃ នឹងរួមចំណែកដល់ការកាត់បន្ថយការដាក់អន្ទាក់ និងការបរបាញ់ខុសច្បាប់»។

លោកបញ្ជាក់ថា ការចូលរួមរបស់យុវជនក្នុងកិច្ចការពារបរិស្ថាន និងការអភិរក្សសត្វព្រៃ មាន សារៈសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេស។ ការចូលរួមរបស់យុវជន ក៏ជាកត្តាសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។ ថាមពល និងការប្តេជ្ញាចិត្តរបស់យុវជន អាចជួយបង្កើនការប្តេជ្ញាចិត្ត ក្នុងការអភិរក្សធម្មជាតិ និងជីវចម្រុះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងបច្ចុប្បន្ន និងសម្រាប់អ្នកជំនាន់ក្រោយ។ លោក រីឆាត ឈិន បញ្ជាក់ថា៖ «នេះជាមូលហេតុដែលទីភ្នាក់ងារ USAID មានមោទនភាពចូលរួមក្នុងភាពជាដៃគូជាមួយយុវជនវិស័យឯកជន និងដៃគូរាជរដ្ឋាភិបាល ក្នុងការផ្លាស់ប្តូរឥរិយាបថអវិជ្ជមាន ដែលបង្កឱ្យមានការបាត់បង់ព្រៃឈើ និងជីវចម្រុះ។ នេះក៏ជាមូលហេតុដែលយើងលើកកម្ពស់សកម្មភាពវិជ្ជមាន ដែលគាំទ្រផលិតផល និងសេវាកម្មមេត្រីភាពបរិស្ថាន»។

លោកបានឱ្យដឹងថា ឆ្នាំនេះជាខួបលើកទី៧២ នៃចំណងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បន្ដផ្ដល់ការគាំទ្រដល់ប្រជាជនកម្ពុជា ក្នុងការការពារធនធានធម្មជាតិ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងការប្រែប្រួលអាកាសធាតុ រាប់បញ្ចូលទាំងការផ្តល់ជំនួយជាទឹកប្រាក់លើសពី ១០០លានដុល្លារ ដល់គម្រោងបរិស្ថាននៅកម្ពុជា រយៈពេល២ទសវត្សរ៍កន្លងមកនេះ។ លោកថា «តាមរយៈការសហការគ្នា ខ្ញុំដឹងថាយើងអាចធ្វើឱ្យកិច្ចការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិ របស់កម្ពុជាប្រសើរឡើង»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន អំពាវនាវឱ្យប្រជាជនទាំងអស់ ឈប់ហូបសាច់សត្វព្រៃ និងផលិតផលសត្វព្រៃផ្សេងទៀត។ លោកថ្លែងថា «ប្រជាជនកម្ពុជាគ្រប់ៗរូបទាំងក្មេង និងចាស់ មានភារកិច្ចរួមមួយក្នុងការអភិរក្ស និងការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង»។ លោកបន្តថា «យើងទទូចឱ្យប្រជាជនកម្ពុជាទូទាំងប្រទេស និយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រឆាំងនឹងជំនួញសត្វព្រៃខុសច្បាប់ ក៏ដូចជា ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ របស់ព្រះរាជាណាចក្រយើង»។ បើតាមសេចក្ដីប្រកាសព័ត៌មានរួម «យុទ្ធនាការការពារសត្វព្រៃយើង» ការកាត់បន្ថយការដាក់អន្ទាក់ ការទិញ-លក់ និងការហូបសាច់សត្វព្រៃជាផ្នែកមួយ នៃយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា យុទ្ធនាការនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលដឹកនាំដោយក្រសួងបរិស្ថាន សហការជាមួយអង្គការមូលនិធិសកល សម្រាប់ធម្មជាតិ (WWF កម្ពុជា) ទីភ្នាក់ងារជំនួយអាមេរិក (USAID), អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការអភិរក្សអន្តរជាតិ (CI), អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI), អង្គការជីវិតធម្មជាតិនៅ កម្ពុជា (NatureLife/BirdLife) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងសហគមន៍មូលដ្ឋាន៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *