ទីក្រុងវីយែន នៃប្រទេសអូទ្រីស ក្លាយជាទីក្រុងដែលស្រួលរស់នៅបំផុតរបស់ពិភពលោក

បរទេស ៖ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំពីកាសែត Economist ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ២៣ ខែមិថុនានេះ បានឲ្យដឹងថា ទីក្រុងវីយែន នៃប្រទេសអូទ្រីស បានត្រលប់មកវិញ ជាទីក្រុងដែលងាយស្រួលរស់នៅជាងគេបំផុតក្នុងពិភពលោក។

រដ្ឋធានីកៀវរបស់អ៊ុយក្រែន មិនត្រូវបានរាប់បញ្ចូលនោះទេក្នុងឆ្នាំនេះ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានប្រទេសនេះ កាលពីចុងខែកុម្ភៈ ខណៈដែលទីក្រុងរុស្ស៊ីមូស្គូ (Moscow) និង St Petersburg បានធ្លាក់ចំណាត់ថ្នាក់ ដោយសារការចាប់ពិរុទ្ធនិងផលប៉ះពាល់នៃទណ្ឌកម្មរបស់ពួកលោកខាងលិច។

ទីក្រុងវីយែន បានដណ្តើមយកចំណាត់ថ្នាក់កំពូលពីទីក្រុង Auckland ដែលបានធ្លាក់ចុះមកចំណាត់ថ្នាក់ទី ៣៤ ដោយសារតែការរឹតត្បិតការរាតត្បាតជំងឺកូវីដ ១៩ ។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័នផ្នែកស្រាវជ្រាវនិងវិភាគ Economist Intelligence Unit (EIU)។

ស្ថាប័ននេះបានបន្ថែមថា ទីក្រុងវីយែនដែលបានធ្លាក់មកចំណាត់ថ្នាក់ទី ១២ នៅដើមឆ្នាំ ២០២១ ដោយសារសារមន្ទីរនិងភោជនីយដ្ឋានត្រូវបានបិទ ចាប់តាំងពីពេលនោះមកបានស្ទុះងើបឡើងវិញមកចំណាត់ថ្នាក់ទី១។ ទីក្រុងនេះធ្លាប់ក្លាយជាទីតាំងដែលស្រួលរស់នៅបំផុតកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩។

«ស្ថិរភាព និងហេដ្ឋារចនាសម្ព័ន្ធល្អ គឺជាភាពទាក់ទាញដ៏សំខាន់របស់ទីក្រុងសម្រាប់អ្នករស់នៅ ដែលគាំទ្រដោយការថែទាំសុខភាពល្អ និងឱកាសជាច្រើនសម្រាប់វប្បធម៌ និងការកម្សាន្ត» ដែលទាំងនេះជាមូលហេតុចម្បងសម្រាប់ការជ្រើសរើសទីក្រុងដែលងាយស្រួលរស់នៅបំផុត។

អឺរ៉ុបមានទីក្រុងចំនួនប្រាំមួយក្នុងចំណោមទីក្រុងកំពូលទាំងដប់។ រដ្ឋធានីអូទ្រីស ត្រូវបានតាមពីក្រោយដោយរដ្ឋធានីកូប៉ិនហាក (Copenhagen) របស់ប្រទេសដាណឺម៉ាក និងទីក្រុង Zurich របស់ប្រទេសស្វីស ខណៈទីក្រុងហ្សឺណែវ របស់ប្រទេសស្វីស ជាប់លេខ៦, ទីក្រុង Frankfurt របស់អាល្លឺម៉ង់ លេខ៧ និងទីក្រុង Amsterdam របស់ហូឡង់ លេខ៩។

ប្រទេសកាណាដា ក៏ធ្វើបានល្អដែរ។ ដោយទីក្រុង Calgary ឈរនៅលេខរៀងទី៣ តាមពីក្រោយដោយទីក្រុង Vancouver លេខ៥ និង Toronto លេខ៨។

ទីក្រុង Osaka របស់ជប៉ុន និងទីក្រុង Melbourne របស់អូស្ត្រាលី បានចែករំលែកសម្រាប់ចំណាត់ថ្នាក់ទីដប់។ ស្របពេលដែលរដ្ឋធានីប៉ារីស របស់ប្រទេសបារាំង បានជាប់ចំណាត់ថ្នាក់ទី ១៩ ខណៈជាប់លេខ២៣ កាលពីឆ្នាំមុន។

រដ្ឋធានីព្រុចស៊ែល (Brussels) របស់ប្រទេសបែលហ្ស៊ិក ស្ថិតនៅលំដាប់ទី២៤ នៅពីក្រោយទីក្រុង Montreal ប្រទេសកាណាដា។

ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស គឺជាទីក្រុងដែលងាយស្រួលរស់នៅបំផុតលំដាប់ទី៣៣ របស់ពិភពលោក ខណៈដែលទីក្រុង Barcelona និង ម៉ាឌ្រីដ (Madrid) របស់អេស្ប៉ាញ ជាប់ចំណាត់ថ្នាក់ទី៣៥ និងទី៤៣ ។ ទីក្រុង Milan របស់អ៊ីតាលី ជាប់ចំណាត់ថ្នាក់លេខ៤៩, ទីក្រុងញូវយ៉ក របស់សហរដ្ឋអាម៉េរិកលេខ៥១ និងទីក្រុងប៉េកាំង របស់ប្រទេសចិន ជាប់ចំណាត់ថ្នាក់ទី៧១៕

Leave a Reply

Your email address will not be published. Required fields are marked *