តម្លៃពោតក្រហម នៅរដូវកាលប្រមូលផលឆ្នាំនេះ ហក់ឡើងខ្ពស់ជាងឆ្នាំមុន

បាត់ដំបង ៖ ប្រជាកសិករនៅខេត្តបាត់ដំបង បានបង្ហាញនូវភាពសប្បាយរីករាយ បន្ទាប់ពីតម្លៃពោតក្រហម នៅក្នុងរដូវកាលនេះ បានចាប់ផ្ដើមជាមួយនឹងការឡើងថ្លៃខ្ពស់ជាងឆ្នាំកន្លងទៅ ហើយទិន្នផលក៏ទទួលបានល្អផងដែរ។

ប្រជាកសិករនៅក្នុងឃុំតាគ្រី ស្រុកកំរៀង នៃខេត្តបាត់ដំបង បានលើកឡើងដូចៗគ្នាថា ពោតដែលពួកគាត់កំពុងប្រមូលផលនៅរដូវកាលនេះគឺជាប្រភេទពោតក្រហម ដោយបច្ចុប្បន្នក្នុងមួយគីឡូក្រាមលក់បានក្នុងតម្លៃ ៥.៨បាត ទៅ ៥.៩បាត(ស្មើនឹង៧០០រៀល) ខណៈដែលឆ្នាំកន្លងទៅលក់បានក្នុងតម្លៃត្រឹមតែ ៥.៤បាត(៦០០រៀល) ប៉ុណ្ណោះ ដោយឈ្មួញកណ្តាលមកទទួលទិញដល់ផ្ទះ។

ប្រជាកសិករដដែលបានបន្តថា បើទោះបីជាតម្លៃនៅឆ្នាំនេះមានការហក់ឡើងបន្តិចមែន ក៏ប៉ុន្តែបើទូទាត់ធៀបទៅនឹងឆ្នាំកន្លងទៅវាមិនខុសគ្នាប៉ុន្មានទេ ព្រោះសម្ភារៈ របស់របរប្រើប្រាស់ ក៏ដូចជា ជីនិងប្រេងសាំងនៅឆ្នាំនេះបានឡើងថ្លៃជាងឆ្នាំមុន។

យោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានបង្ហាញ ថា រដូវប្រមូលផលពោតក្រហមឆ្នាំនេះកសិករក្នុងខេត្តបាត់ដំបងអនុវត្តបានសរុបចំនួន ៥០. ១៧២ហិកតា ស្មើនឹង ៥៩.៣០ភាគរយ នៃផែនការសរុបចំនួន ៨៤,៦០០ហិកតា៕

Leave a Reply

Your email address will not be published. Required fields are marked *