ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតសារធាតុញៀន ជិត១គីឡូក្រាម

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួល ផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់នាយកមន្ទីរប្រឆាំង គ្រឿង ញៀន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយដកហូតសារធាតុញៀន ចំនួន៨៨១.១០ក្រាម។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២២ នេះថា កាលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជអជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ សហការជាមួយនគរបាលស្នងការខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និង ឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន១៖ ឈ្មោះ ហៀក តុងហេង មានទីលំនៅផ្ទះជួល ភូមិព្រៃគុយឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ សត្តឃាត និង២៖ ឈ្មោះ ណាង សុធារិទ្ធ មានទីលំនៅ ភូមិក្រពើខ្ទម សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *