កាត់ទោសបុរសចិន សង្ស័យមេខ្លោងគ្រឿងម្នាក់ ដាក់គុក ២៥ឆ្នាំ ពាក់ព័ន្ធនឹងការដឹកជញ្ជូន-ជួញដូរគ្រឿងញៀន នៅកម្ពុជា

ភ្នំពេញ ៖ បុរសជាប់ចោទ សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ២៥ឆ្នាំ និងពិនិយជាប្រាក់ ចំនួន ៥០លានរៀល ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ជាង ១២០ក្រាម ប្រព្រឹត្តកាលពីឆ្នាំ២០២០ នៅក្នុងបន្ទប់២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

យោងតាមដីការបស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ជនជាប់ចោទ ត្រូវបានតំណាងអយ្យចោទប្រកាន់ពីបទ ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា៤០ ស្តីពីច្បាប់ការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទ CHEN KEXI ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបន្ទប់ ២០៥ អាផាត់មិនវិមាឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វីតាមីន ទម្ងន់ ១២០.២៧ក្រាម ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរីចំនួន២ និងដំបងឈើ ២កំណាត់ ៣គូ៕

Leave a Reply

Your email address will not be published. Required fields are marked *