មេទ័ពហ្វាំងឡង់៖ ហ្វាំងឡង់ ត្រៀមខ្លួនរាប់សិបឆ្នាំមកហើយដើម្បីប្រយុទ្ធ បើរុស្ស៉ីហ៊ានវាយប្រហារ

ហែលសិនគី ៖ ប្រមុខកងកម្លាំងប្រដាប់អាវុធហ្វាំងឡង់ លោកឧត្ដមសេនីយ៍ ទីម៉ូ គីវីនិន (Timo Kivinen) បាននិយាយថាប្រទេស របស់លោកបានត្រៀមខ្លួនអស់រយៈពេលរាប់សិបឆ្នាំមកហើយ សម្រាប់ការវាយប្រហារណាមួយពីសំណាក់រុស្ស៉ី ហើយនឹងតស៊ូប្រយុទ្ធ ប្រឆាំងរហូតដល់ទីបំផុត បើការវាយប្រហារកើតឡើងមែននោះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃពុធសប្ដាហ៍នេះ លោក គីវីនិន ក៏បានទទួលស្គាល់ដែរថា ហ្វាំងឡង់បានបង្កើនឃ្លាំងអាវុធគ្រប់គ្រាន់ តែកត្តាសំខាន់លើសពីសព្វាវុធ នោះគឺឆន្ទៈប្រយុទ្ធ។ លោក គីវីនិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានអភិវឌ្ឍសមត្ថភាពការពារជាតិ របស់យើង ដើម្បីត្រៀមសម្រាប់សង្រ្គាមដូចសព្វថ្ងៃ (នៅអ៊ុយក្រែន)។ អ៊ុយក្រែន បាន និងកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងប្រឆាំងនឹងរុស្ស៉ី ដូច្នេះហ្វាំងឡងក៏អាចធ្វើបានដូចគ្នាដែរ បើមានការវាយប្រហារណាមួយកើតឡើង»។

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យសុំចូលជាសមាជិក NATO ជាផ្លូវការហើយ ដោយសារតែបារម្ភពីសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន។ ប៉ុន្តែកំពុងប្រឈមមុខនឹងឧបសគ្គ ដោយសារតែការជំទាស់ពីតួកគី ហើយព្រមពេលជាមួយគ្នា រុស្ស៉ីក៏បានព្រមានចាត់ វិធានការឆ្លើយតបផងដែរ ប្រសិនបើ NATO ដាក់ពង្រាយសព្វាវុធលើទឹកដីប្រទេសទាំង២នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *