រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ផ្តល់អាហារូបករណ៍ដល់ទាហានកម្ពុជា ទៅសិក្សាលើវិស័យពេទ្យ និងវិស័យវិស្វកម្ម

ភ្នំពេញ ៖ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ឥណ្ឌូណេស៊ីនឹងផ្តល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជាទៅសិក្សានៅសាលាការពារជាតិឥណ្ឌូណេស៊ីលើផ្នែកវិស័យពេទ្យ វិស្វកម្ម គណិតសាស្ត្រ និងវិទ្យាសាស្ត្រ។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានថ្លែងបែបនេះក្នុងជំនួបជាមួយសម្តេចតេជោ នាថ្ងៃទី២២ ខែមិថុនា នៅវិមានសន្តិភាព។

ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីអានតូ បានប្រាប់សម្តេចតេជោ ថា ការសម្រេចផ្តល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជានេះ ឯកឧត្តមក៏បានថ្លែងប្រាប់ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពពិសេស ៩១១កាលពីថ្ងៃទី២១ ខែមិថុនាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីក៏បានជួបពិភាក្សាជាមួយឯកឧត្តម ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា។ សម្រាប់កម្ពុជាក៏នឹងបង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ីវិញផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានកោតសរសើរសម្តេចតេជោ ដែលបានដឹកនាំឲ្យកម្ពុជាឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ ខុសពី៥ឆ្នាំមុនដែលឯកឧត្តមបាន មកទស្សនកិច្ចនៅកម្ពុជា។

សម្ដេចតេជោ ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្តេចក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា។ សម្ដេចតេជោ បានបន្តថា ទាំងនេះបង្ហាញពី វប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *