អ្នកស្លាប់ក្នុងហេតុការណ៍គ្រោះរញ្ជួយដី នៅអាហ្វហ្កានីស្ថាន កើនដល់១ពាន់នាក់ហើយ

បរទេស ៖ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយប្រទេសមជ្ឈិមបូព៌ាមួយនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថានកាលពីថ្ងៃពុធ ទី២២ មិថុនា បានកើនឡើងដល់ ១ពាន់នាក់ ដោយមានអ្នករបួសជាង ៦០០នាក់ ហើយចំនួនអ្នកស្លាប់រំពឹងថា នឹងកើនឡើងបន្តទៀត។

រូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន បានបង្ហាញថា ផ្ទះជាច្រើនខ្នងត្រូវបានដួលរលំជាកម្ទេចថ្ម ហើយសាកសពត្រូវបានរាយនៅលើដី បន្ទាប់ពីការរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័រ។

បុគ្គលិកសុខាភិបាលបានឱ្យដឹងថា មានមនុស្សនៅអ្នកជាប់គាំងក្រោមគំនរបាក់បែក និងនៅតំបន់ដាច់ស្រយាល ប៉ុន្តែតួលេខនៅមិនទាន់ច្បាស់នៅឡើយទេ។ ប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញដោយសារស្ថានភាពលំបាក រួមមានភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី និងភូមិជាច្រើនកំពុងស្ថិតនៅក្នុងតំបន់ភ្នំដែលមិនអាចចូលទៅដល់បាន។

ការបង្កើនប្រតិបត្តិការជួយសង្គ្រោះ នឹងបង្ហាញឱ្យឃើញនូវការសាកល្បងដ៏សំខាន់មួយសម្រាប់អាជ្ញាធរតាលីបង់ ដែលបានចូលកាន់កាប់ប្រទេសកាលពីខែសីហាមុនបន្ទាប់ពីសង្គ្រាមអស់រយៈពេលពីរទសវត្សរ៍ និងត្រូវបានកាត់ផ្តាច់ពីជំនួយអន្តរជាតិជាច្រើនដោយសារតែការដាក់ទណ្ឌកម្ម។ ក្រសួងការពារជាតិដឹកនាំដោយតាលីបង់ កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

តាមរ៉យទ័រ លោកស្រី ឡូរេតា ហេបឺ ហ្គីរ៉ាដេត (Loretta Hieber Girardet) មកពីការិយាល័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយរបស់អង្គការសហប្រជាជាតិបាននិយាយថា កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះមនុស្សដែលជាប់នៅក្រោមគំនរបាក់បែក នឹងប្រឈមមុខនឹងបញ្ហាដ៏ធំដោយសារតែការបាក់ដី និងអាកាសធាតុ។

លោកស្រីបន្តថា ផ្លូវទៅកាន់កន្លែងបាក់បែក ពិបាកធ្វើដំណើរឆ្លងកាត់ទោះមិនមានការរញ្ជួយដីក៏ដោយ ដូច្នេះហើយប្រតិបត្តិការមនុស្សធម៌ នឹងត្រូវប្រឈមការខ្វះមធ្យោបាយ ងាយស្រួលចូលទៅកាន់តំបន់ទាំងនោះ។ ម្យ៉ាងទៀត ភ្លៀងរួមនឹងការរញ្ជួយដី បានបង្កើតហានិភ័យបន្ថែមទៀត នៃការបាក់ដី សម្រាប់បុគ្គលិកមនុស្សធម៌។

មន្ត្រីក្រសួងមហាផ្ទៃលោក សាឡាហូឌីន អាយូប៊ី (Salahuddin Ayubi) បានអះអាងថា ចំនួនអ្នកស្លាប់ទំនងជាអាចកើនឡើងបន្តទៀត ដោយសារតែភូមិមួយចំនួនស្ថិតនៅតំបន់ដាច់ស្រយាលនៅលើភ្នំ ហើយវានឹងចំណាយពេលយូរដើម្បីប្រមូលព័ត៌មានលម្អិត។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកាលពីថ្ងៃពុធ គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចាប់តាំងពីឆ្នាំ២០០២មក។ វាបានវាយប្រហារចម្ងាយប្រហែល ៤៤គីឡូម៉ែត្រពីរដ្ឋធានីឃូស (Khost) ភាគអាគ្នេយ៍ ជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *