ក្រសួងការពារជាតិរុស្ស៊ី និងតួកគី ពិភាក្សាគ្នាអំពីការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែអ៊ុយក្រែន

មូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា នៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ គណៈប្រតិភូក្រសួងការពារជាតិរុស្ស៊ី និងតួកគី បានពិភាក្សាគ្នាអំពីការចាកចេញប្រកបដោយសុវត្ថិភាពនៃនាវាដឹកទំនិញរបស់តួកគី និងការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន។

ក្រសួងបាននិយាយថា «កាលពីថ្ងៃទី២១ ខែមិថុនា នៅទីក្រុងមូស្គូមានកិច្ចពិភាក្សាគ្នារវាងគណៈប្រតិភូនៃក្រសួងការពារជាតិរុស្ស៊ី និងក្រសួងការពារជាតិតួកគីត្រូវបានធ្វើឡើង។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហានៃការចាកចេញដោយសុវត្ថិភាពនៃនាវាដឹកទំនិញរបស់តួកគី និងការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន ក៏ដូចជាវិធីសាស្រ្តដើម្បីធានាដល់ការធ្វើនាវាចរប្រកបដោយសុវត្ថិភាពនៅក្នុងដែនទឹកសមុទ្រខ្មៅ»។

ពួកគេបាននិយាយបន្ថែមថា ដូចដែលក្រសួងការពារជាតិរុស្ស៊ីបានចង្អុលបង្ហាញ ភាគីនានាក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលអនុញ្ញាតឱ្យនាវាដឹកទំនិញរបស់តួកគី Azov Concord ចាកចេញពីកំពង់ផែម៉ារីប៉ុល។ ជាលទ្ធផល កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចដើម្បីបន្តកិច្ចពិគ្រោះយោបល់។

ប្រទេសអ៊ុយក្រែន អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងក្រុមអ្នកសម្រុះសម្រួល បានពិភាក្សាគ្នាអស់រយៈពេលជាងពីរខែអំពីបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិដែលត្រូវបានរារាំងនៅក្នុងប្រទេសនេះ ដោយសារតែជម្លោះដែលកំពុងបន្ត។ មធ្យោបាយសរុបចំនួនប្រាំពីរដើម្បីនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ត្រូវបានស្នើឡើងដោយភាគីផ្សេងៗគ្នា តាមរយៈកំពង់ផែបឺឌីយ៉ានស្ក៍ និងកំពង់ផែម៉ារីប៉ុល តាមរយៈកំពង់ផែអូដេស្សា និងតាមផ្លូវដែកតាមរយៈប្រទេសរ៉ូម៉ានី ហុងគ្រី និងប៉ូឡូញ ក៏ដូចជាទៅកាន់ប្រទេសលីទុយអានីតាមរយៈប្រទេសបេឡារុស្ស ឬប៉ូឡូញ។ ប៉ុន្តែសេចក្តីសម្រេចចុងក្រោយអំពីរបៀបនាំចេញស្រូវសាលីពី ២០ ទៅ ២៥លានតោននៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់តួកគីបានឱ្យដឹងថា ការប៉ុនប៉ងមួយផ្សេងទៀតដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ អាចត្រូវបានធ្វើឡើងនៅដើមសប្តាហ៍ក្រោយនៅទីក្រុងអ៊ីស្តង់ប៊ុល ហើយកិច្ចប្រជុំមួយរបស់ក្រុមតំណាងអង្គការសហប្រជាជាតិ អ៊ុយក្រែន រុស្ស៊ី និងតួកគី ដែលបានកាន់តួនាទីជាអ្នកសម្រុះសម្រួលត្រូវបានគ្រោងទុក៕ ដោយ៖ ហ៊ែល វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *