ស្ដៅ! អត្ថប្រយោជន៍ផ្នែកឱសថ ដែលអ្នកមិនធ្លាប់ដឹង

សុខភាព ៖ យើងបានដឹងហើយថា ស្លឹកនិងផ្ការបស់ស្ដៅ គឺជាគ្រឿងអន្លក់ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរយើងក្នុងការទទួលទាន។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ស្ដៅក៏ដើរតួជាឱសថដែលអាចព្យាបាលជំងឺបានជាច្រើនមុខ ដូចជាបង្កើនភាពស៊ាំទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ជាដើម។

អ្នកជំនាញផ្នែកឱសថស្ថានធម្មជាតិ បានរកឃើញថា ស្លឹក សំបក ផ្កា របស់ស្ដៅពោរពេញទៅដោយអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល។ ក្នុងនោះ ស្លឹកប្រើសម្រាប់កម្ចាត់ចៃលើក្បាល ជំងឺស្បែក របួស និងដំបៅស្បែក។ បន្ថែមពីនេះ វាក៏សម្បូរទៅដោយសារធាតុសកម្មជីវសាស្ត្រចំនួន ១៣០ ដែលមានគុណសម្បតិ្តប្រឆាំងមេរោគ និងបាក់តេរី ជួយបង្កើនភាពស៊ាំ និងជួយដល់រាងកាយជាច្រើនផ្នែកទៀត។

ចំពោះប្រេងដែលចម្រាញ់ចេញពីផ្លែស្ដៅគឺមានលក្ខណៈសម្បត្តិប្រើជា ថ្នាំដុសធ្មេញបែបធម្មជាតិដើម្បីឱ្យធ្មេញនិងអញ្ចាញរឹងមាំ ថែមទាំងការពារកុំឱ្យធ្មេញពុកដោយសារញ៉ាំស្ករគ្រាប់ច្រើនទៀតផង។ ប្រេងស្ដៅមានប្រសិទ្ធភាពបំផុតក្នុងការជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក ជាពិសេសវាអាចព្យាបាលជំងឺចម្រុះនៃស្បែកដូចជា មុន, កន្ទួល, ពងបែកលើមាត់, របួសលើស្បែក, ជួសជុលជាលិកាដែលខូចខាត និងព្យាបាលរបួសនៃសរសៃនៅក្នុងស្រទាប់កូឡាជែននៅក្នុងស្បែកបានភ្លាមៗទៀតផង។ មិនតែប៉ុណ្ណោះ ប្រេងស្ដៅក៏មានប្រសិទ្ធភាពបំផុតសម្រាប់សម្លាប់សត្វល្អិតរហូតទៅដល់ ៥០០ ប្រភេទឯណោះដូចជាសត្វក្មូត ដង្កែ និងដង្កូវពោះវៀន( ព្រូន, អៀន) និងសត្វល្អិតជាច្រើនប្រភេទទៀត។

អ្វីដែលកាន់តែពិសេសនោះគឺ ប្រេងស្ដៅ គឺជាថ្នាំទិព្វមួយប្រភេទដែលជួយបំបាត់ការឈឺសន្លាក់និងជួយឱ្យឆ្អឹងរឹងមាំ។ ជាពិសេសការបរិភោគស្ដៅ ក៏ជួយសម្រួលចរន្តឈាមនិងបង្កើនកោសិកាឈាមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *