សន្តិសុខម្នាក់ លង់ទឹកស្លាប់ ខណៈចុះដោះត្រីក្នុងអណ្តូង

បាត់ដំបង ៖ សមត្ថកិច្ចបានឲ្យដឹងថា មានបុរសជាសន្តិសុខម្នាក់ បានលង់ទឹកស្លាប់ ខណៈចុះទៅដោះត្រីជាប់មងក្នុងអណ្តូង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចអណ្តូងទឹកវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រឿន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាសន្តិសុខ រស់នៅក្នុងក្រុមទី៨ ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមប្រភពដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះដោយខឹងនឹងម្តាយស្តីបន្ទោសឲ្យក៏បានទៅផឹកស្រា ហើយក្រោយផឹកស្រវឹងជនរងគ្រោះក៏បានចុះទៅដោះត្រីមងនៅក្នុងអណ្តូងស្រះ ហើយបន្ទាប់មកទំនងជាដួលផ្កាប់មុខចូលទឹកក៏បណ្ដាលឲ្យឈ្លក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សពឲ្យក្រុមគ្រួសារ និងសាច់ញាតិយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ចន្ទ លីហ្សា

Leave a Reply

Your email address will not be published. Required fields are marked *