លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ចូលខ្លួនទៅបំភ្លឺនៅស្នងការនគរបាលខេត្ត ជុំវិញសំណុំរឿងប៉ុនប៉ងធ្វើឃាត

សៀមរាប ៖ លោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប បានកែណ្ឌប្រមូលគូកនរបស់ខ្លួន ចូលទៅឆ្លើយបំភ្លឺនៅស្នងការនគរបាលខេត្ត បន្ទាប់ពីស្ត្រីម្នាក់ បានប្តឹងរូបលោកចំនួន៣បទល្មើស។ លោក សោម សមស័ក្ត បានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយមាននាំនូវសាក្សីជាច្រើនរូបទៅជាមួយផង។

ប៉ុន្តែបើទោះជាយ៉ាងណា បន្ទាប់ពីសាកសួរអស់រយៈពេលជាច្រើនម៉ោង ព័ត៌មានពីសមត្ថកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប នៅមិនទាន់ទម្លាយអំពីលទ្ធផលដែលលោកនាយកទីចាត់ការហិរញ្ញវត្ថុ របស់សាលាខេត្តសៀមរាបរូបនេះ និយាយពីអ្វីខ្លះនោះទេ។ រីឯលោក សោម សមសក្ត័ ក៏មិនបានផ្តល់បទសម្ភាសន៍ណាមួយដល់អ្នកសារព័ត៌មាននោះទេ បើទោះបីក្រុមអ្នកកាសែតជាច្រើននាក់បានរង់ចាំធ្វើបទសម្ភាសន៍នៅមុខស្នងការរហូតដល់យប់ហើយក៏ដោយ។

នៅព្រលប់ថ្ងៃដដែល លោកស្រី ផាត់ សុជឿន ដែលអះអាងជាជនរងគ្រោះក្នុងអំពើហិង្សា បានបញ្ជាក់យ៉ាងជាក់ច្បាស់ថា លោកស្រីនៅតែរក្សាការប្តឹងទាមទាររកយុត្តិធម៌ដដែល។ ម្តងហើយម្តងទៀត លោកស្រីបញ្ជាក់ថា ព័ត៌មានដែលលោកស្រីផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មាន គឺជាការពិត ហើយហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់ ប្រសិនបើរកឃើញថា ជាការប្រឌិត។ ត្បិតរូបគាត់មានសាក្សី មានរូបភាពពីកាមេរ៉ាសុវត្ថិភាព និងរូបដែលថតដោយហ្វូងមហាជនជាច្រើន។

លោកស្រីបន្ថែមថា ឈ្មោះ សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអាស៊ី ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ពិតជាបានជេរប្រមាថ និងប្រើហិង្សា ព្រមទាំងបើកឡានប៉ុនប៉ងបំបុកមកលើរូបលោកស្រីពិតប្រាកដ ព្រោះតែលោកស្រីបានហាមកុំឲ្យឈ្មោះ សោម សមសក្ត័ វាយក្បាលលោក ម៉ក់ ប្រុស។

លោកស្រី ផាត់ សុជឿន បញ្ជាក់ថា ក្រុមសាក្សីដែលជនបង្កនាំមកឆ្លើយនោះ គ្រាន់តែសម្រាប់បំភាន់ភ្នែកមហាជន និងសមត្ថកិច្ចតែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជានៅដំណាក់កាលប៉ូលិស រូបគាត់មិនទទួលបានភាពយុត្តិធម៌ទេនោះ លោកស្រីនឹងបន្តស្វែងរកផ្លូវច្បាប់រហូតទទួលបានភាពយុត្តិធម៌ ត្បិតរូបលោកស្រី និងជនបង្កពុំដែលបានស្គាល់គ្នាពីមុនមកនោះឡើយ។លោកស្រីនៅតែមានក្តីរំពឹងថា ច្បាប់នឹងផ្តល់ភាពយុត្តិធម៌ដល់លោកស្រី ពីព្រោះថា សាក្សីរបស់ជនបង្ក គ្រាន់តែជាក្រុមបក្ខពួករបស់គេប៉ុណ្ណោះ។

គេរំពឹងថា ស្នងការនគរបាលខេត្តសៀមរាប នឹងផ្ដល់យុត្តិធម៌សម្រាប់គ្រប់ភាគីនៅក្នុងបញ្ហាខាងលើនេះ។ បើរកឃើញថា លោក សោម សមសក្ត័ បានប្រព្រឹត្តិដូចការចោទ ប្រកាន់របស់ស្ត្រី ផាត់ សុជឿន មែននោះ សូមចាត់វិធានការតាមច្បាប់ដោយមិនលើកលែងនោះឡើយ។ ផ្ទុយទៅវិញ បើលោកស្រី ផាត់ សុជឿន បានប្រព្រឹត្តខុសត្រូវផ្ដន្ទាទោសដូចគ្នានោះដែរ។

សូមបញ្ជាក់ថា លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោកស្រី ផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ «ជេរប្រមាថជាសាធារណៈ បទប្រើអំពើហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត» តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខ ភ្នំពេញ 2BU-0009 ប៉ុនប៉ងបំបុកនៅចំណុចផ្សារអាស៊ី កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានយើង នៅមិនទាន់ទទួលបានការបកស្រាយពីលោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាបនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *