រថយន្តសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្ម បុករថយន្តកុងតឺន័រពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្ម ជាន់ហ្រាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩៖២០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសណ្តោងស៊ីទែនដឹកផេះធ្យូងថ្មមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3428 បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខ បានបើកវ៉ាជែងឡើងមកមុន រួចជាន់ហ្រាំង បណ្ដាលឲ្យរថយន្តសណ្ដោងស៊ីទែនដឹកផេះធ្យូងថ្ម ជាន់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្តសណ្ដោងទូកកុងតឺន័រពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តសណ្ដោងទូកុងតឺន័របានបន្តដំណើរទៅមុខទៀតបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានសួរនាំទៅតៃកុងរថយន្ត ដោយតៃកុងរថយន្តសុំយករថយន្តទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ៖ និន សុភ័ស្ត

Leave a Reply

Your email address will not be published. Required fields are marked *