អាជ្ញាធរខេត្តបាត់ដំបង បង្រ្កាបទីតាំងលេងល្បែងស៊ីសងច្រើនកន្លែង ឃាត់ខ្លួនមនុស្សចំនួន១៥នាក់

បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានបង្រ្កាបទីតាំងបង្កប់ល្បែងស៊ីសងមួយចំនួន ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២២ ដោយឃាត់មនុស្សសរុបបានចំនួន១៥នាក់ ក្នុងនោះមានស្រីចំនួន៥នាក់។

នាថ្ងៃទី២០ ខែមិថុនា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបករណីល្បែងស៊ីសងខ្លាឃ្លោកខុសច្បាប់ចំនួន០១ករ ណី នៅចំណុចផ្សារតាឡន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រតិបត្តិការចុះបង្រ្កាបនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងចំនួន០៩នាក់ ក្នុងនោះស្រីចំនួន០៥នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន មានដូចជា គ្រាប់ខ្លាឃ្លោក ក្រដាសប៉ាយខ្លាឃ្លោកកំរាល និងប្រាក់រៀលមួយចំនួនផងដែរ។

អ្នកលេងល្បែងស៊ីសងខ្លាឃ្លោកទាំង៩នាក់នោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ និងណែនាំអប់រំ ដោយឲ្យធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងបែបនេះតទៅទៀត។ បន្ទាប់ពីបានធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យវិលទៅគេហដ្ឋានរបស់ពួកគេរៀងៗខ្លួនវិញ។

កាលពីថ្ងៃទី១៩ ខែមិថុនា កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង ក៏បានបង្រ្កាបបានទីតាំងបើកលេងល្បែងស៊ីសងភ្នាល់កីឡាប្រដាល់មួយកន្លែងផងដែរ ដោយឃាត់មនុស្សបានចំនួន៦នាក់ ក្នុងនោះប្រុសទាំងអស់។ មនុស្សទាំង៦រូបនោះ ក៏ត្រូវបានសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងនេះតទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *