West Ham ចុះកិច្ចសន្យាយកខ្សែការពារ Aguerd មកពីក្លិប Rennes

ឡុងដ៍ ៖ បើតាមការប្រកាសពីក្លិបលេងនៅ Premier League ហើយបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្លិបបាល់ទាត់ញញួរធំ West Ham United បានចុះហត្ថលេខានាំយកខ្សែការពារ Nayef Aguerd មកពីក្លិបបារាំង Rennes ដែលលេងនៅ Ligue 1 លើកិច្ចសន្យារយៈពេល ៥ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយថា West Ham បានបង់ប្រាក់ឲ្យ Rennes ចំនួន ៣០លានផោន (៣៦.៧៣លានដុល្លារ) ក្នុងនោះរួមទាំងប្រាក់បន្ថែមផងដែរសម្រាប់កីឡាករវ័យ ២៦ឆ្នាំលំដាប់អន្តរជាតិម៉ារ៉ុករូបនេះ។

Aguerd ជាកីឡាករសំខាន់មួយរូបសម្រាប់ Rennes កាលពីរដូវកាលមុន ដោយបានបង្ហាញខ្លួន ៤០ប្រកួតនៅគ្រប់កម្មវិធីទាំងអស់ ខណៈពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី៤ ក្នុង Ligue 1 និងឡើងដល់វគ្គ ១៦ក្រុមចុងក្រោយផងដែរនៃលីគ Europa Conference League។

ខ្សែការពារកណ្តាលដែលបានចូលរួមជាមួយ Rennes ក្រោយចាកចេញពីក្លិប Dijon ក្នុងឆ្នាំ២០២០ នោះ បានចូលលេង ២៥ប្រកួត សម្រាប់ក្រុមជម្រើសជាតិម៉ារ៉ុកចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០១៦ មក។

West Ham បានបញ្ចប់រដូវកាល Premier League ក្នុងចំណាត់ថ្នាក់ទី៧ និងបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League កាលពីរដូវមុនទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *