អ្វីជារោគក្រិស? វាត្រូវបានព្យាបាលយ៉ាងដូចម្តេច?

សុខភាព ៖ វាជាជំងឺគ្រោងឆ្អឹងដែលបណ្តាលមកពីកង្វះវីតាមីន D កាល់ស្យូម ឬផូស្វ័រ ដែលនាំឱ្យឆ្អឹងមិនរឹងមាំ ក្រិសការលូតលាស់។ វីតាមីន D មានតួនាទីជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិកាល់ស្យូម និងផូស្វ័រ សម្រាប់ជួយឱ្យឆ្អឹងរឹងមាំ។ ករណីខ្វះវីតាមីននេះ បណ្តាលឱ្យរាង្គកាយ មានការពិបាកក្នុងការរក្សាកម្រិតកាល់ស្យូម និងផូស្វ័រឱ្យបានគ្រប់គ្រាន់ ហើយជាលទ្ធផល បណ្តាលឱ្យឆ្អឹងរបស់អ្នកក្លាយទៅជាទន់ខ្សោយ និងមានជំងឺក្រិស។

*តើអ្នកណាខ្លះប្រឈមក្នុងការវិវត្តទៅជាក្រិស?

– កត្តាអាយុ

កុមារដែលមានអាយុពី ៦ ទៅ ៣៦ខែ ជាវ័យដែលរាងកាយរបស់ពួកគេត្រូវការកាល់ស្យូម និងផូស្វ័រច្រើនបំផុតដើម្បីពង្រឹង និងអភិវឌ្ឍឆ្អឹងរបស់ពួកគេ។ ប្រសិនបើក្នុងដំណាក់កាលនេះ ពួកគេខ្វះសារធាតុសំខាន់ៗសម្រាប់អភិវឌ្ឍឆ្អឹងរបស់ពួកគេ ពួកគេប្រឈមនឹងការវិវត្តទៅជាក្រិស។

– កត្តារបបអាហារ

អ្នកដែលទទួលទានអាហារបួស មិនញ៉ាំ ត្រី ស៊ុត ឬទឹកដោះគោ ក៏ប្រឈមនឹងហានិភ័យខ្ពស់ផងដែរ។ ទារក ដែលបៅតែទឹកដោះម្តាយ ក៏អាចខ្វះវីតាមីន D ដែរ ដោយសារតែទឹកដោះម្តាយតែមួយមុខមិនមានវីតាមីន D គ្រប់គ្រាន់ ដើម្បីបង្ការជំងឺក្រិសនោះទេ។

– កត្តាពណ៌ស្បែក

កុមារដែលមានដើមកំណើតមកពីទ្វីបអាហ្រ្វិក កោះប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា មានហានិភ័យខ្ពស់បំផុតសម្រាប់ជំងឺក្រិស ដោយសារតែពួកគេមានស្បែកខ្មៅ។ ស្បែកខ្មៅមិនមានប្រតិកម្មខ្លាំង នឹងពន្លឺថ្ងៃដូចស្បែកស្រាលទេ ដូច្នេះ ហើយរាង្គកាយរបស់ពួកគេ ផលិតវីតាមីនបាន D តិចតួច។

– កត្តាទីតាំងភូមិសាស្ត្រ

អ្នកដែលប្រឈមមុខនឹងជំងឺក្រិស គឺអ្នករស់នៅក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យតិចតួច។ នៅពេលដែលត្រូវនឹងពន្លឺថ្ងៃ ទើបរាងកាយរបស់យើងផលិតវីតាមីន D បានកាន់តែច្រើន។

-កត្តាហ្សែន

ទម្រង់មួយនៃជំងឺក្រិស គឺអាចកើតមានតាមរយៈតំណពូជ។ នេះមានន័យថាជំងឺនេះ ឆ្លងតាមរយៈហ្សែន។ ប្រភេទនៃជំងឺក្រិសនេះ គេហៅថាក្រិសតំណពូជ។

*តើរោគសញ្ញានៃជំងឺក្រិសមានអ្វីខ្លះ?

រោគសញ្ញានៃក្រិស រួមមាន៖ ឈឺចាប់ ឬទន់ឆ្អឹងដៃ ជើង ឆ្អឹងត្រគាក ឬឆ្អឹងខ្នង ការលូតលាស់ក្រិស និងកម្ពស់ទាប ការបាក់ឆ្អឹង រមួលសាច់ដុំ ការខូចទ្រង់ទ្រាយធ្មេញ ការខូចទ្រង់ទ្រាយគ្រោងឆ្អឹង ដូចជា លលាដ៍ក្បាលមានរាងចម្លែក ឆ្អឹងខ្នងកោង ការខូចទ្រង់ទ្រាយត្រគាក ជាដើម។ ប្រសិនបើកូនរបស់អ្នកបង្ហាញសញ្ញានៃជំងឺក្រិស សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកភ្លាមៗ។ ករណីជំងឺនេះ មិនត្រូវបានព្យាបាលក្នុងអំឡុងពេលលូតលាស់របស់កុមារទេនោះ ពួកគេអាចនឹងមានកម្ពស់ទាបនៅពេលពេញវ័យ ខណៈដែលបញ្ហាការខូចទ្រង់ទ្រាយឆ្អឹង ក៏នឹងក្លាយទៅជាអចិន្ត្រៃយ៍ មិនអាចត្រឡប់មកព្យាបាលវិញបានផងដែរ។

*តើជំងឺក្រិសត្រូវបានព្យាបាលយ៉ាងដូចម្តេច?

ការព្យាបាលជំងឺក្រិស ផ្តោតលើការបំប៉នវីតាមីន ឬសារធាតុរ៉ែដែលបាត់នៅក្នុងខ្លួន។ ប្រសិនបើកូនរបស់អ្នកមានកង្វះវីតាមីន D គ្រូពេទ្យទំនងជាជំរុញឱ្យពួកគេបង្កើនការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងជំរុញឱ្យពួកគេឱ្យទទួលទានផលិតផលអាហារដែលមានវីតាមីន D ខ្ពស់ ដូចជា ត្រី ថ្លើម ទឹកដោះគោ និងស៊ុត។ បន្ថែមពីនេះ ថ្នាំគ្រាប់កាល់ស្យូម និងវីតាមីន D ក៏អាចត្រូវបានប្រើ ដើម្បីព្យាបាលជំងឺក្រិសផងដែរ។ សូមសួរគ្រូពេទ្យ អំពីកម្រិតថ្នាំត្រឹមត្រូវតាមវ័យកូនរបស់លោកអ្នក។ ប្រសិនបើមានការខូចទ្រង់ទ្រាយគ្រោងឆ្អឹង កូនរបស់អ្នកអាចនឹងត្រូវការដង្កៀប ដើម្បីដាក់ឆ្អឹងរបស់ពួកគេឱ្យបានត្រឹមត្រូវ សម្រាប់អំឡុងពេលពួកគេកំពុងលូតលាស់។ ក្នុងករណីធ្ងន់ធ្ងរ កូនរបស់អ្នកអាចត្រូវការ ការវះកាត់។ ដោយឡែកដើម្បីព្យាបាលជំងឺក្រិសតំណពូជវិញ ទាមទារការប្រើប្រាស់រួមបញ្ចូលគ្នានៃសារធាតុផូស្វ័រ និងវីតាមីន D កម្រិតខ្ពស់៕

Leave a Reply

Your email address will not be published. Required fields are marked *