ចូរប្រយ័ត្ន៖ អាការៈទាំងនេះ បង្ហាញថា អ្នកកំពុងមានជំងឺប្រមេះទឹកថ្លា

សុខភាព ៖ ជំងឺប្រមេះទឹកថ្លា (Chlamydia) គឺជាការឆ្លងមេរោគផ្លូវភេទទូទៅ (STI) ដែលបណ្តាលមកពីបាក់តេរី។ អ្នកដែលមានជំងឺនេះ ច្រើនតែមិនមានរោគសញ្ញាលេចឡើងអ្វីទេ ក្នុងដំណាក់កាលដំបូង។ ប៉ុន្តែមេរោគនៅតែអាចបង្កបញ្ហាដល់សុខភាពនៅពេលក្រោយបាន។

*តើរោគប្រមេះទឹកថ្លា ឆ្លងយ៉ាងដូចម្តេច?

ការរួមភេទដោយមិនប្រើស្រោមអនាម័យ និងការរួមភេទតាមមាត់ដោយគ្មានការការពារគឺជាវិធីចម្បងដែលអាចឆ្លងមេរោគប្រមេះទឹកថ្លាបាន។ បន្ថែមពីនេះ ទារកទើបនឹងកើតអាចទទួលបានជំងឺនេះពីម្តាយរបស់ពួកគេអំឡុងពេលកើតផងដែរ ប្រសិនជាម្ដាយរបស់គេមានផ្ទុក។

*រោគសញ្ញា

រោគប្រមេះទឹកថ្លា ជារឿយៗត្រូវបានគេហៅថា «ការឆ្លងមេរោគស្ងាត់ៗ» ពីព្រោះមនុស្សភាគច្រើនដែលមានការឆ្លងមេរោគនេះ មិនមានរោគសញ្ញាអ្វីនោះទេ។ ទោះយ៉ាងណាក៏ដោយ វាអាចបណ្តាលឱ្យមានរោគសញ្ញាមួយចំនួន រួមទាំង៖

-ការឈឺចាប់

-អារម្មណ៍ផ្សានៅពេលនោម

-ទឹករំអិលមិនធម្មតាចេញពីលិង្គ ឬទ្វារមាស

រោគសញ្ញាមួយចំនួននៃជំងឺប្រមេះទឹកថ្លា ក៏អាចខុសគ្នាបន្តិចបន្តួចចំពោះបុរស និងស្ត្រីផងដែរ។

*រោគសញ្ញាប្រមេះទឹកថ្លា ចំពោះបុរស

បុរសជាច្រើនមិនកត់សម្គាល់ថាខ្លួនមានផ្ទុកមេរោគបង្កជំងឺប្រមេះទឹកថ្លាទេ ព្រោះបុរសភាគច្រើនមិនមានរោគសញ្ញាអ្វីទាំងអស់។

រោគសញ្ញាទូទៅមួយចំនួននៃជំងឺរោគប្រមេះទឹកថ្លា ចំពោះបុរសរួមមាន៖

-អារម្មណ៍ឈឺផ្សាអំឡុងពេលនោម

-ទឹករំអិលពណ៌លឿង ឬបៃតងចេញពីលិង្គ

-ឈឺចាប់នៅផ្នែកខាងក្រោមពោះ

-ការឈឺចាប់នៅក្នុងពងស្វាស

វាក៏អាចឆ្លងមេរោគប្រមេះទឹកថ្លា នៅក្នុងរន្ធគូថផងដែរ។ ក្នុងករណីនេះ រោគសញ្ញាសំខាន់ៗគឺច្រើនតែ៖

-ការហូរទឹកចេញ

-ការឈឺចាប់

-ហូរឈាមចេញពីតំបន់នេះ

ការរួមភេទតាមមាត់ជាមួយអ្នកដែលមានមេរោគក៏បង្កើនហានិភ័យនៃការកើតរោគប្រមេះទឹកថ្លា ក្នុងបំពង់កផងដែរ។ រោគសញ្ញាអាចរួមមាន ឈឺបំពង់ក ក្អក ឬក្ដៅខ្លួន។

*រោគសញ្ញាប្រមេះទឹកថ្លា ចំពោះស្ត្រី

ប្រសិនបើស្ត្រីឆ្លងជំងឺកាមរោគប្រភេទនេះ វាអាចចំណាយពេលច្រើនសប្តាហ៍ មុនពេលមានរោគសញ្ញាណាមួយលេចឡើង។

*រោគសញ្ញាទូទៅមួយចំនួននៃជំងឺនេះចំពោះស្ត្រីរួមមាន៖

-ឈឺចាប់អំឡុងពេលរួមភេទ

-ការហូរទឹករំអិលទ្វារមាស

-អារម្មណ៍ឈឺផ្សាអំឡុងពេលនោម

-ឈឺចាប់នៅផ្នែកខាងក្រោមពោះ

-រលាកមាត់ស្បូន (Cervicitis)

*តើអាចកាត់បន្ថយហានិភ័យនៃការកើតប្រមេះទឹកថ្លា ដោយរបៀបណា?

ការមិនធ្វើសកម្មភាពផ្លូវភេទ ជាមធ្យោបាយធានាតែមួយគត់ ដើម្បីការពាររោគប្រមេះទឹកថ្លា ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានសកម្មភាពផ្លូវភេទ មានជំហានសាមញ្ញមួយចំនួនដែលអ្នកអាចអនុវត្ត ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរោគប្រមេះទឹកថ្លា ក៏ដូចជាជំងឺកាមរោគជាច្រើនទៀត។ នេះគឺជាវិធីមួយចំនួនដើម្បីកាត់បន្ថយហានិភ័យរបស់អ្នក៖

ប្រើវិធីសាស្ត្រការពារ៖ ការប្រើស្រោមអនាម័យ ឬវិធីរារាំងផ្សេងទៀតរាល់ពេលដែលអ្នករួមភេទតាមមាត់ ទ្វារមាស ឬរន្ធគូថ អាចជួយបន្ថយហានិភ័យនៃការឆ្លងមេរោគបានយ៉ាងច្រើន។

ធ្វើតេស្ត៖ ការពិនិត្យរកជំងឺកាមរោគជាទៀងទាត់អាចជួយការពារការចម្លងប្រមេះទឹកថ្លា និងធានាថាអ្នកទទួលបានការព្យាបាលប្រសិនបើចាំបាច់។ វេជ្ជបណ្ឌិតអាចជួយកំណត់ថាតើអ្នកគួរធ្វើតេស្តញឹកញាប់ប៉ុណ្ណា អាស្រ័យលើកម្រិតហានិភ័យរបស់អ្នក។

ទំនាក់ទំនងជាមួយដៃគូផ្លូវភេទរបស់អ្នក៖  ការមានដៃគូរួមភេទច្រើន អាចបង្កើនហានិភ័យនៃជំងឺ ប្រមេះទឹកថ្លា និងជំងឺកាមរោគផ្សេងៗ។ ប៉ុន្តែអ្នកអាចកាត់បន្ថយហានិភ័យនេះបានដោយការពិភាក្សាដោយបើកចំហអំពីការការពារជំងឺកាមរោគ និងប្រើវិធីការពាររាល់ពេលដែលអ្នករួមភេទ។

*ការព្យាបាលជំងឺ ប្រមេះទឹកថ្លា

ជំងឺប្រមេះទឹកថ្លា ងាយស្រួលព្យាបាល និងអាចព្យាបាលជាសះស្បើយ។ ដូច្នេះ ប្រសិនជាលោកអ្នកមានរោគសញ្ញា ឬសង្ស័យថាខ្លួនមានជំងឺកាមរោគប្រភេទណាមួយ សូមទាក់ទងទៅវេជ្ជបណ្ឌិតជំនាញដើម្បីធ្វើការពិនិត្យ និងព្យាបាល ចៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងរ ពិបាកក្នុងការព្យាបាល៕

Leave a Reply

Your email address will not be published. Required fields are marked *